(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងរាជរដ្ឋាភិបាល បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ចូលរួមការពារសេចក្ដីព្រាងច្បាប់ស្ដីពី វិធានដើមកំណើតទំនិញ ជាមួយគណៈកម្មការទី៩នៃរដ្ឋសភា បន្ទាប់ពីទទួលបានការអនុម័តយល់ព្រមទាំងស្រុង ពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ។

លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា «សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ នឹងក្លាយជាកម្លាំងចលករ ក្នុងការជំរុញរំហូរពាណិជ្ជកម្ម ធានាដើមកំណើតទំនិញរបស់កម្ពុជា រក្សាផលប្រយោជន៍ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់ សុខុមាលភាពសង្គមឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត»

លោករដ្ឋមន្រ្តីបានជម្រាប និងបំភ្លឺជូនអង្គប្រជុំនូវអំពីទិដ្ឋភាពសំខាន់ៗរួមមាន៖ យុត្តិកម្ម សាវតារ នៃការតាក់តែងសេចក្តីព្រាងច្បាប់ គោលបំណង ខ្លឹមសារ និងអត្ថប្រយោជន៍ នៃសេចក្តីព្រាងច្បាប់នេះ។

លោករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមានជំនឿថា បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័ត និងចូលជាធរមានរួច ច្បាប់នេះមិនត្រឹមតែបំពេញបាននូវការសន្យារបស់កម្ពុជា ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោកប៉ុណ្ណោះទេ ក៏ប៉ុន្តែច្បាប់នេះក៏នឹងក្លាយជាឧបករណ៍គតិយុត្តិ ដែលមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ ជាចំណែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមជំរុញ និងសម្រួលពាណិជ្ជកម្មដល់វិស័យឯកជន ជាពិសេសការនាំចេញទំនិញរបស់កម្ពុជា ដែលទទួលបានការអនុគ្រោះពន្ធ តាមរយៈការធានាបាននូវអនុលោមភាព តាមលក្ខខណ្ឌវិធានដើមកំណើត ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក និងក្របខ័ណ្ឌអនុគ្រោះពន្ធឯកតោភាគី និងការបង្កា ទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញជាដើម។

ប្រធានគណៈកម្មការទី៩ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តំណាងឱ្យរាជរដ្ឋាភិបាល និងគណៈប្រតិភូក្រសួងទាំងពីរ ដែលបានចូលរួមពិភាក្សា និងការពារសេចក្តីព្រាងច្បាប់ខាងលើ។

លោកស្រីប្រធាន បានជម្រាបជូនអង្គប្រជុំជ្រាបថា គណៈកម្មការទី៩នៃរដ្ឋសភា បានពិនិត្យលើអត្ថបទសេចក្តីព្រាងច្បាប់ស្តីពី វិធានដើមកំណើតទំនិញ ហើយជាលទ្ធផលឃើញថា សេចក្តីព្រាងច្បាប់នេះ បានរៀបចំឡើងត្រឹមត្រូវ តាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ព្រមទាំងស្របតាមគោលការណ៍ និងវិធាននៃការតាក់តែងច្បាប់ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោកស្រីប្រធាន បានថ្លែងកោតសរសើ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានអនុវត្តភារកិច្ចជំនាញយ៉ាងសកម្ម និងខ្ជាប់ខ្ជួននូវគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលពាក់ព័ន្ធ នឹងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារនាំចេញ ការផ្គត់ផ្គង់តម្រូវការក្នុងស្រុក សំដៅពន្លឿនការធ្វើសាមារណហកម្មសេដ្ឋកិច្ច ក្នុងតំបន់ និងសាកលលោក ដែលជាកត្តាមួយជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន ដើម្បីអាចឈានទៅសម្រេចបានចក្ខុវិស័យក្លាយ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជាលទ្ធផល អង្គប្រជុំបានសម្រេចគាំទ្រ និងឯកភាពទាំងស្រុងទៅលើសេចក្តីព្រាងច្បាប់នេះ និងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ដើម្បីដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា នាពេលខាងមុខ៕