(ភ្នំពេញ)៖ បច្ចុប្បន្ននេះ ផលិតផលកសិកម្មកែច្នៃរបស់កម្ពុជា មានតិចតួចបំផុតដែលអាចនាំចេញទៅប្រទេសចិនបាន បើទោះបីជាប្រទេសទាំងពីរ បាននិងកំពុងអនុវត្តនូវកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជា-ចិន និងកិច្ចព្រមព្រៀង RCEP ក៏ដោយ។

លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានឱ្យដឹងថា ផលិតផលកសិកម្មកែច្នៃរបស់កម្ពុជា មានតិចតួចបំផុត ដែលបាននាំចេញទៅក្រៅប្រទេស ដោយសារស្តង់ដាររបស់ផលិតផលកម្ពុជានៅមានកម្រិត មិនទាន់ធ្វើបានតាមអ្វីដែលប្រទេសគេកំណត់ ខណៈដែលក្រុមហ៊ុនសហគ្រាស និងសិប្បកម្មកែច្នៃភាគច្រើន នៅមានលក្ខណៈតូចៗពេក ដែលធ្វើឱ្យការអនុវត្តស្តង់ដារនៅមានកម្រិត ដោយកត្តាទីតាំងផលិត និងថវិកា។

លោកបន្តថា ទីផ្សារចិនជាទីផ្សារទូលំទូលាយ សម្រាប់ផលិតផលខ្មែរ ដែលផលិតករខ្មែរកំពុងឈោងចាប់ ប៉ុន្តែការនាំចេញផលិតផល ទាក់ទងនឹងម្ហូបអាហារ ចាំបាច់ត្រូវតែគោរពទៅតាមស្តង់ដារ របស់ប្រទេសចិន។ លោកថា ក្នុងការនាំចេញផលិតផលចំណីអាហារកែច្នៃពីកម្ពុជា ទៅប្រទេសចិន ត្រូវគោរពតាមស្តង់ដារដោយមានវិញ្ញាបនបត្រដែលទទួលស្គាល់ដោយរដ្ឋបាលចិន (Abbreviation of Certification & Accreditation Administration of China-CNCA)។

លោកបន្ថែមថា «ដើម្បីនាំចេញផលិតផលអាហារកែច្នៃនៅប្រទេសនេះ ក្រសួងពាក់ព័ន្ធ ត្រូវស្វែងរកព័ត៌មានឱ្យបានច្រើន ពីមជ្ឈមណ្ឌលស្តង់ដាររបស់គេ ដើម្បីយកមកបង្រៀនដល់អាជីវករយើង»

តែយ៉ាងណាលោកសង្កេតឃើញថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ច្រើន ទៅលើស្តង់ដារថ្នាក់ជាតិ ដើម្បីឱ្យបណ្តាសិប្បករទាំងអស់ គោរពតាមស្តង់ដារនេះ និងឈានទៅអនុវត្តស្តង់ដារអន្តរជាតិ ដើម្បីនាំចេញទៅប្រទេសនានាបានស្រួល។

លោក ចូវ ឃុន អនុប្រធានគណៈកម្មការគ្រប់គ្រងតំបន់សេដ្ឋកិច្ច ភូវ៉ាន់តាលៀន ដែលបានមកសិក្សាពីផលិតផលកសិម្មកែច្នៃកម្ពុជា បានលើកឡើងថា ផលិតផលកសិកម្មកែច្នៃរបស់កម្ពុជា សុទ្ធតែមានសក្តានុពលខ្ពស់ ក្នុងការនាំចេញទៅប្រទេសចិន ដោយភាគច្រើននៃផលិតផលទាំងនេះ មិនមានលាយញ្ចូលនូវសារធាតុគីមីអ្វីផ្សេងនោះទេ ដូច្នេះហើយផលិតផលចំណីអាហារកែច្នៃរបស់កម្ពុជា អាចមានឱកាសច្រើនក្នុងការនាំចូល ទៅទីផ្សារប្រទេសចិន។

លោកបានពន្យល់ថា ចំពោះផលិតផលដែលនាំចូលទៅប្រទេសចិន តម្រូវឱ្យធ្វើការអភិវឌ្ឍបន្ថែម ដើម្បីផលិតផលទាំងនោះ ស្របទៅតាមស្តង់ដារអន្តរជាតិ និងស្តង់ដារដែលបានកំណត់ដោយប្រទេសចិន។ ជាមួយគ្នានេះ កម្ពុជាចាំបាច់ត្រូវមានរោងចក្រ ដើម្បីកែច្នៃផលិតផលទាំងនេះ។

លោកគូសបញ្ជាក់បន្តថា «ដើម្បីអាចនាំចេញទៅប្រទេសចិនបាន ចាំបាច់ត្រូវធ្វើឱ្យផលិតផលទាំងនេះ មានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងគោរពតាមស្តង់ដារសុវត្ថិភាព របស់ប្រទេសចិន ទើបផលិតផលទាំងនេះនាំចូលទៅទីផ្សារប្រទេសចិនបាន។ ក្នុងនោះដែរទាមឱ្យស្ថាប័នពាក់ព័ន្ធរបស់ប្រទេសទាំងពីរ ទទួលស្គាល់នូវស្តង់ដារចំណីអាហារ និងគោរពទៅតាមបទបញ្ញត្តិ ព្រមទាំងគោលការណ៍ភូតគាមអនាម័យរបស់ចិន»

លោកបន្ថែមថា លោកនឹងសហការជាមួយសមាគមអ្នកផលិតចំណីអាហារកម្ពុជា ដើម្បីជំរុញឱ្យផលិតផលកសិកម្មទាំងនេះ ចូលទីផ្សារប្រទេសចិន ឱ្យបានឆាប់នាពេលខាងមុខ។ ប្រសិនបើផលិតផលទាំងនេះ បាននាំចូលទៅប្រទេសចិន លោកនឹងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទៅដល់អ្នកប្រើប្រាស់នៅប្រទេសចិន ដើម្បីពង្រីកទីផ្សារនៅប្រទេសចិន និងធ្វើឱ្យអ្នកប្រើប្រាស់ទទួលស្គាល់ផលិតផលរបស់កម្ពុជា។

លោកបន្តថា «ខ្ញុំជឿជាក់ថា ប្រសិនបើផលិតផលកម្ពុជាមានស្តង់ដារ និងមានផលិតកម្មច្បាស់លាស់ ផលិតផលទាំងនេះ នឹងអាចមានទីផ្សារកាន់តែធំនៅប្រទេសចិន»

លោក មៀវ សុខទ្រី បានឱ្យដឹងដែរសមាគមអ្នកផលិតចំណីអាហារកម្ពុជា នឹងសហការជាមួយសហគមន៍អាស៊ានបូក ៦ ក្នុងការសិក្សាលទ្ធភាពក្នុងនាំចេញផលិតផល ទៅកាន់បណ្តាប្រទេសអាស៊ានបូក៦ រួមទាំងប្រទេសចិន ក៏ដូចជាពិនិត្យលទ្ធជួយពង្រីកការផលិតឱ្យកាន់តែធំ ដើម្បីឱ្យតម្លៃផលិតផលកាន់តែធូរថ្លៃ មានប្រព័ន្ធគ្រប់គ្រងកាន់តែល្អ៕