(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៣ទៀត សរុបទុនវិនិយោគជាង១៥លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។

តាម Facebook ផ្លូវការរបស់ CDC តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូន ដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ BOLITO GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥.២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១,៣៣៦កន្លែង។

២៖ XIN LI AN SHOES CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥.១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង។

៣៖ NEW HM KNITTING CLOTHING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥.១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១,៤៣១កន្លែង៕