(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមបានឱ្យដឹងនៅក្នុងឯកសារមួយដែលបង្ហាញពីយុទ្ធសាស្ត្រនាំចេញអង្កររបស់ខ្លួនថា វៀតណាមមានបំណងកាត់បន្ថយការនាំចេញអង្ករមកនៅត្រឹម ៤ លានតោនក្នុងមួយឆ្នាំនៅឆ្នាំ២០៣០ ពីចំនួន ៧,១ លានតោនកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

វៀតណាមជាប្រទេសនាំចេញអង្ករធំទីបីក្នុងពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា និងថៃ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ឯកសាររបស់រដ្ឋាភិបាលវៀតណាមចុះថ្ងៃ២៦ ខេឧសភាថា វិធានការនេះគឺសំដៅលើ «ការជំរុញការនាំចេញអង្ករដែលមានគុណភាពខ្ពស់ ធានាសន្តិសុខស្បៀងក្នុងស្រុក ការការពារបរិស្ថាន និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ»។

ឯកសារនេះបានឱ្យដឹងថា ប្រាក់ចំណូលពីការនាំចេញអង្ករនឹងធ្លាក់ចុះមកនៅត្រឹម ២,៦២ពាន់លានដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ២០៣០ ធ្លាក់ចុះពី ៣,៤៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២។

ពាណិជ្ជករស្រូវម្នាក់ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញបានប្រាក់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃសៅរ៍ថា៖ «ទោះបីជាផ្ទៃដីធ្វើស្រែរបស់វៀតណាមកំពុងធ្លាក់ចុះដោយសារការប្រែប្រួលអាកាសធាតុ ហើយកសិករមួយចំនួនកំពុងប្តូរទៅដាំដំណាំផ្សេងទៀត និងការចិញ្ចឹមបង្កងក៏ដោយ ក៏យុទ្ធសាស្ត្រនេះហាក់ដូចជាតក់ក្រហល់ពេកហើយ»។

ឈ្មួញរូបនេះបានថ្លែងថា កសិករមួយចំនួននៅតំបន់ដីសណ្ដទន្លេមេគង្គកំពុងប្រែក្លាយផ្នែកខ្លះនៃស្រែរបស់ពួកគេទៅជាចំការផ្លែឈើ ដាំស្វាយ ក្រូចថ្លុង ខ្នុរ និងទុរេន ប៉ុន្តែភាគច្រើននៅតែពឹងផ្អែកលើស្រូវដដែល។

ឯកសារដដែលនេះបានឱ្យដឹងទៀតថា នៅឆ្នាំ២០២៥ ការនាំចេញអង្កររបស់វៀតណាម ៦០ ភាគរយនឹងត្រូវដឹកជញ្ជូនទៅកាន់ទីផ្សារអាស៊ី ២២ភាគរយទៅអាហ្វ្រិក ៧ភាគរយទៅអាមេរិក ៤ភាគរយទៅកាន់មជ្ឈិមបូព៌ា និង ៣ភាគរយទៅអឺរ៉ុប។

យោងតាមទិន្នន័យគយរបស់រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា ការនាំចេញអង្ករពីប្រទេសវៀតណាមក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះបានកើនឡើង ៤០,៧ភាគរយធៀបនឹងឆ្នាំមុនដល់ ២,៩លានតោន៕