(ភ្នំពេញ)៖ តាមរយៈជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, លោក គង់ វិបុលរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់អំពីជំហរ និងការតាំងចិត្តរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការបន្តផ្តល់កិច្ចសហការគ្រប់ជ្រុងជ្រោយ ជូនដល់សភាពាណិជ្ជកម្មកម្ពុជា-ជប៉ុន (JBAC) ក្រុមហ៊ុនជាសមាជិក JBAC ព្រមទាំងវិនិយោគិនជប៉ុនទាំងអស់នៅកម្ពុជា ដើម្បីពង្រឹងអនុលោមភាពសារពើពន្ធ និងជំរុញវិនិយោគ ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការអគ្គនាយកដ្ឋានពន្ធដារ បានផ្តោតលើការងារសំខាន់រួមមាន៖ ១.ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញទាក់ទាញវិនិយោគ តាមរយៈការពង្រឹងផ្នែកពន្ធដារ និងការផ្តល់សេវាជូនអ្នកជាប់ពន្ធ។

លោក គង់ វិបុល បានលើកឡើងអំពីប្រវត្តិនៃទំនាក់ទំនងនិង កិច្ចសហប្រតិបត្តិការការងារល្អប្រសើរ ទាំងក្របខ័ណ្ឌការងារជាមួយរដ្ឋាភិបាល ក៏ដូចជាវិនិយោគជប៉ុន ដែលលោកធ្លាប់មានក្នុងអតីតកាល តាំងពីលោកនៅបម្រើការងារជារដ្ឋលេខាធិការទី១ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនៅជាអនុប្រធាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ព្រមទាំងក្នុងរយៈពេលចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន ដែលលោកត្រូវបានតែងតាំងមកទទួលបន្ទុកការងារ នៅអគ្គនាយកដ្ឋានពន្ធដារ។

លោក គង់ វិបុល បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះ គម្រោងជំនួយបច្ចេកទេស សម្រាប់អគ្គនាយកដ្ឋានពន្ធដារនាពេលកន្លងមក ដែលបានចូលរួមចំណែកក្នុងការកសាង សមត្ថភាព និងធនធានមនុស្សរបស់អគ្គនាយកដ្ឋានពន្ធដារ។ គួររម្លឹកផងដែរថា ចាប់ពីឆ្នាំ២០០៤ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានផ្តល់ជំនួយបច្ចេកទេស ដល់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈគម្រោង ជំនួយបច្ចេកទេសចំនួន ៣ ដែលផ្តោតសំខាន់លើការអភិវឌ្ឍសមត្ថភាព របស់អគ្គនាយកដ្ឋានពន្ធដារ (Capacity Development of GDT)។

គម្រោងជំនួយបច្ចេកទេសចុងក្រោយបំផុតគឺ «គម្រោងសម្រាប់អភិវឌ្ឍសមត្ថភាពរបស់ អគ្គនាយកដ្ឋានពន្ធដារ ដែលស្ថិតនៅក្រោមក្របខ័ណ្ឌនៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជំហានទី២ (JICA/GDT Project)» ដែលមានរយៈពេលចាប់ពីឆ្នាំ២០១៥ ដល់២០១៩។

លោក UENO Atsushi បានថ្លែងអំណរគុណចំពោះ លោក គង់ វិបុល និងអគ្គនាយកដ្ឋានពន្ធដារទាំងមូល ដែលបានយកចិត្តទុកដាក់ និងគាំទ្រចំពោះវិនិយោគិនជប៉ុនទាំងឡាយ ដែលកំពុងមានវត្តមាននៅកម្ពុជា និងបានថ្លែងកោតសរសើចំពោះកំណែទម្រង់ពន្ធដារកម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ។

លោកក៏បានរម្លឹកអំពីប្រវត្តិនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការងារល្អប្រសើរ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន រវាងរដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្នុងវិស័យពន្ធដារ។

ជាមួយគ្នានេះ លោកអគ្គនាយកដ្ឋានពន្ធដារ ស្នើសុំឱ្យស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ជួយជំរុញក្រសួងហិរញ្ញវត្ថុជប៉ុន ផ្តល់ភាពទន់ភ្លន់ ចំពោះភាគីកម្ពុជា ដើម្បីឱ្យដំណើរការនៃការចរចាកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) កម្ពុជា-ជប៉ុន អាចដំណើរការទៅមុខបាន និងអាចឈានទៅឯកភាព និងបញ្ចប់លើចំណុចដែលនៅសេសសល់ ដែលត្រូវបានជាប់គាំងអស់រយៈពេល ៥ឆ្នាំមកហើយ ចាប់តាំងពីការចរចាលើកចុងក្រោយ នៅដើមឆ្នាំ២០១៨។

លោកជំរុញឱ្យមានការបើកឡើងវិញ នូវការហោះហើរដោយត្រង់កម្ពុជា-ជប៉ុន ដែលការណ៍នេះនឹងចូលរួមជួយជំរុញឱ្យសកម្មភាពវិនិយោគ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវាងកម្ពុជា-ជប៉ុនសម្រេចបានកាន់តែប្រសើរឡើង ថែមទៀត៕