(ភ្នំពេញ)៖ ភ្ញៀវទេសចរអន្ដរជាតិ កំពុងតែធ្វើដំណើរមកកម្ពុជាបណ្ដើរៗ ចំណែកឯការវិនិយោគថ្មីៗក៏រំពឹងថានឹងមានជាបន្ដបន្ទាប់ ក្រោយពីកម្ពុជាបានបិទបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម ប្រកបដោយជោគជ័យ។

លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានឲ្យដឹងថា ព្រឹត្តិការណ៍ស៊ីហ្គេម ជាមហាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដរបស់កម្ពុជា តាមរយៈព្រឹត្តិការណ៍នេះបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការផ្សព្វផ្សាយពីកម្ពុជា ដូច្នេះតាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមនេះ មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរមួយមុខនោះទេ ប៉ុន្ដែទាញការវិនិយោគថ្មីៗចូលកម្ពុជា, ទាក់ទាញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រមទាំងវិស័យផ្សេងៗទៀត ដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

លោកបានបន្ដថា ក្រសួងទេសចរណ៍បានរំពឹងថា ឆ្នាំនេះនឹងទទួលបានទេសចរប្រមាណ៤លាននាក់។ នៅត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរជាង១លាននាក់ ក្នុងកំណើន៧០៩ភាគរយ ទេសចរដែលបានចូលមកកម្ពុជាមាន ចិន, ថៃ, វៀតណាម, ឡាវ, អាមេរិក, ឥណ្ឌូនេស៊ី និងកូរ៉េជាដើម ដូច្នេះតាមរយៈតួលេខនៅត្រីមាសទី១ និងតាមរយៈព្រឹត្តិការណ៍ស៊ីហ្គេម ការរំពឹងទុកថា នឹងទទួលបានភ្ញៀវទេសចរណ៍ ៤លាននាក់ក្នុងឆ្នាំនេះ នឹងអាចសម្រេចបាន។

លោកបានបន្ដថា បច្ចុប្បន្ននេះទេសចរដែលចូលមកកាន់កម្ពុជាច្រើនជាងគេ គឺទេសចរនៅតំបន់ជិតខាង មានទេសចរថៃចំនួន ៣២.៨ភាគរយ, ទេសចរវៀតណាមមានប្រមាណ ១៦ភាគរយ និងទេសចរចិនមានប្រមាណ ១០ភាគរយ ក្រៅអំពីនេះខាងអឺរ៉ុបក៏មានកំណើនផងដែរដូចជា បារាំង អង់គ្លេស, រុស្សី មានការកើនឡើងដោយក្នុងមួយថ្ងៃទទួលបានភ្ញៀវទេសចរប្រមាណជា ២ពាន់នាក់ ចូលទស្សនាតំបន់អង្គរ។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បានឲ្យដឹងថា ចំពោះព្រឹត្តិការណ៍ស៊ីហ្គេមនេះ នឹងហុចផ្លែផ្កាជាច្រើនដល់កម្ពុជា ត្បិតថាមិនបានហុចផលភ្លាមៗក៏ពិតមែន តែកម្ពុជានឹងទទួលបាននាពេលខាងមុខជាបន្ដបន្ទាប់។

លោកបានបន្ដថា «តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមនេះ បានបង្ហាញឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ តើកាលណាពិភពលោក បានស្គាល់កាន់តែច្បាស់ ពីប្រទេសកម្ពុជា ជាប្រទេសមានសុខសន្ដិភាព ការអភិវឌ្ឍថ្មី នោះកម្ពុជានឹងទទួលផលចំណេញ មិនត្រឹមតែវិស័យទេសចរប៉ុណ្ណោះទេ តែនឹងទាញយកវិនិយោគពីក្រៅប្រទេស ដែលនឹងជំរុញឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរឹងមាំ និងខ្លាំងក្លា»៕