(ក្រុងដេត្រូយ)៖ សហរដ្ឋអាមេរិកកំពុងចាត់វិធានការដែលមានការវិភាគម៉ត់ចត់ទៅលើការពិនិត្យមើលថាតើត្រូវរក្សាពន្ធលើទំនិញចិនដដែលឬត្រូវដកចេញ ហើយការសម្រេចណាមួយនឹងមិនអាស្រ័យលើលទ្ធផលទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិកនិងចិននោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីលោកស្រី Sarah Bianchi អនុប្រធានអ្នកតំណាងនៃការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក USTR ដែលបានថ្លែងក្នុងបទសម្ភាសមួយកាលពីចុងសប្តាហ៍មុនថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន មិនសន្មត់ថានឹងមានការទម្លាយភាពទាល់ច្រកនៃទំនាក់ទំនងពាណិជ្ជកម្មណាមួយបែបនេះរវាងប្រទេសទាំងពីរនោះទេ ប៉ុន្តែនឹងបន្តការសន្ទនាជាមួយប្រទេសចិនក្នុងកម្រិតផ្សេងៗ។

លោកស្រី Bianchi បានមានប្រសាសន៍ថា៖ «យើងកំពុងធ្វើការពិនិត្យឡើងវិញទៅតាមទស្សនៈបែបវិភាគ។ យើងមិនផ្អែកលើការវិភាគណាមួយនៅក្នុងទំនាក់ទំនងពាណិជ្ជកម្ម» ជាមួយប្រទេសចិនដែលជាផ្នែកមួយនៃការពិនិត្យឡើងវិញនេះទេ»។ លោកស្រីបន្ថែមថា៖ «យើងមិនសន្មត់ថាវានឹងកើតឡើងឡើយ»។

លោកស្រីបានបន្តថា ផ្ទុយទៅវិញ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក USTR កំពុងបន្តសិក្សាលើមតិយោបល់ពីអ្នកនៅក្នុងឧស្សាហកម្ម និងអ្នកពាក់ព័ន្ធនានាលើពន្ធគយនេះដែលប្រឹក្សាជាមួយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ក្រសួងរតនាគារ និងទីភ្នាក់ងារផ្សេងទៀតដើម្បីកំណត់ថាតើយុទ្ធសាស្រ្តប្រភេទណាដែលមានន័យជាយុទ្ធសាស្ត្រ។

លោកស្រី Bianchi ដែលទទួលភារកិច្ចការងារប្រចាំតំបន់អាស៊ីនៃ USTR បានបន្ថែមថា៖ «យើងកំពុងពិនិត្យមើលអ្វីល្អចំពោះសេដ្ឋកិច្ច»។

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់ពន្ធគយនៅឆ្នាំ២០១៨ និង២០១៩ លើទំនិញនាំចូលរាប់ពាន់មុខពីប្រទេសចិនដែលមានតម្លៃប្រហែល ៣៧០ពាន់លានដុល្លារនៅពេលនោះ។ ពន្ធគយបច្ចុប្បន្នមានចាប់ពី ៧,៥ភាគរយលើទំនិញប្រើប្រាស់ជាច្រើនរហូតដល់ ២៥ភាគរយលើទំនិញយានយន្ត គ្រឿងបន្លាស់ឧស្សាហកម្ម ឧបករណ៍អេឡិចត្រូនិក និងគ្រឿងអេឡិចត្រូនិកផ្សេងៗទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕