(ក្រុងដេត្រូយ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងនៅចុងសប្តាហ៍មុនថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសចំនួន១៤ ក្នុងកិច្ចពិភាក្សាក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ដែលដឹកនាំដោយសហរដ្ឋអាមេរិកបានចរចាបញ្ចប់កិច្ចព្រមព្រៀងមួយដើម្បីធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់មានភាពធន់និងសុវត្ថិភាពជាងមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីលោកស្រី ហ្គីណា រ៉ៃម៉ុនដូ (Gina Raimondo) ខណៈថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅទីក្រុងដេត្រូយ សហរដ្ឋអាមេរិកថា កិច្ចព្រមព្រៀងនេះអំពាវនាវឱ្យប្រទេសនានាបង្កើតក្រុមប្រឹក្សាមួយដើម្បីសម្របសម្រួលសកម្មភាពខ្សែសង្វាក់ផ្គត់ផ្គង់ និង «បណ្តាញឆ្លើយតបវិបត្តិ» មួយដើម្បីផ្តល់ការព្រមានជាមុនដល់ក្រុមប្រទេសជាសមាជិកកិច្ចព្រមព្រៀង IPEF អំពីការរំខានការផ្គត់ផ្គង់ដែលអាចកើតមាន។

កិច្ចព្រមព្រៀងដែលចរចាសម្រេចបាននេះផ្តល់ជូនជាបណ្តាញទំនាក់ទំនងបន្ទាន់មួយសម្រាប់បណ្តាប្រទេសជាសមាជិកនៃ IPEF ដើម្បីស្វែងរកការគាំទ្រក្នុងអំឡុងពេលមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ សម្របសម្រួលឱ្យកាន់តែជិតស្និទ្ធក្នុងអំឡុងពេលមានវិបត្តិ និងស្ទុះងើបឡើងវិញបានលឿនជាងមុន។

លោកស្រី រ៉ៃម៉ុនដូ (Raimondo) បានលើកឡើងពីបញ្ហាកង្វះសឺមីកុងឌូចទ័រ (semiconductors) ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ដែលបានបិទផលិតកម្មរថយន្តរបស់អាមេរិក ដោយធ្វើឱ្យកម្មកររាប់ពាន់នាក់ឈប់សម្រាកពីការងារ។

លោកស្រីបានមានប្រសាសន៍ថា៖ «ខ្ញុំអាចប្រាប់អ្នកថា ខ្ញុំចង់មានបណ្តាញឆ្លើយតបវិបត្តិនោះ ក្នុងអំឡុងពេលកូវីដ។ វាពិតជាអាចជួយយើងឱ្យការងារនៅអាមេរិកមានសុវត្ថិភាព និងបន្តការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់»។

កិច្ចព្រមព្រៀងខ្សែសង្វាក់ផ្គត់ផ្គង់ដែលស្ថិតនៅក្នុងសរសស្តម្ភពាណិជ្ជកម្ម (Commerce) គឺជាលទ្ធផលជាក់ស្តែងដំបូងបង្អស់នៃការពិភាក្សា IPEF។ ប៉ុន្តែវាគ្រាន់តែជា «សសរស្តម្ភ» មួយក្នុងចំណោមសសរស្ដម្ភទាំងបួននៃកិច្ចពិភាក្សា IPEF ប៉ុណ្ណោះ។

សសរស្តម្ភផ្សេងទៀតដែលរួមមានសកម្មភាពជួញដួរពាណិជ្ជកម្ម (Trade) ការផ្លាស់ប្តូរអាកាសធាតុ និងការងារនិងបរិយាប័ន្ន មានភាពស្មុគស្មាញជាងក្នុងការពិភាក្សា ហើយរំពឹងថានឹងចំណាយពេលយូរជាងនេះដើម្បីចរចា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕