(សៀងហៃ)៖ ធនាគារអភិវឌ្ឍន៍ថ្មី (The New Development Bank) ដែលជាស្ថាប័នផ្តល់ប្រាក់កម្ចីបង្កើតឡើងដោយក្រុមប្រទេស BRICS នឹងពង្រីកសមាជិកភាពរបស់ខ្លួន ខណៈដែលខ្លួនស្វែងរកការបង្កើនដើមទុន និងទប់ទល់នឹងឥទ្ធិពលរបស់ធនាគារពហុភាគីរបស់ប្រទេសលោកខាងលិច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

លោកស្រី Dilma Rousseff ប្រធានធនាគារ NDB ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅទីក្រុងសៀងហៃកាលពីថ្ងៃអង្គារថា ធនាគារដែលបង្កើតឡើងដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូងនេះ នឹងពិនិត្យមើលការបង្កើនភាពចម្រុះនៃសមាជិករបស់ខ្លួនទាក់ទងនឹងភូមិសាស្ត្រ ដំណាក់កាលអភិវឌ្ឍន៍ និងទំហំនៃប្រទេសនានា។

កាសែត Financial Times បានរាយការណ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាប្រទេសចុងក្រោយគេក្នុងការពិភាក្សាអំពីការចូលរួមជាមួយធនាគារនេះ ពោលគឺជាការវិវឌ្ឍមួយដែលនឹងផ្តល់ឱ្យធនាគារនេះនូវអំណាចហិរញ្ញវត្ថុបន្ថែមទៀត។ ធនាគារ NDB ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB)។

សមាជិកភាពរបស់ធនាគារ NDB បើកចំហសម្រាប់ប្រទេសទាំងអស់ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ។ ប្រទេសបង់ក្លាដែស និងអេមីរ៉ាត់អារ៉ាប់រួមបានក្លាយជាសមាជិកនៅឆ្នាំ២០២១ ខណៈដែលអេហ្ស៊ីបបានចូលរួមនៅក្នុងខែកុម្ភៈ។ ប្រទេសអ៊ុយរូហ្គាយគឺជាសមាជិកអនាគត នេះបើយោងតាមគេហទំព័ររបស់ធនាគារ NDB។

លោកស្រី Rousseff ដែលក៏ជាអតីតប្រធានាធិបតីប្រេស៊ីលផងដែរនោះបាននិយាយថា សមាជិកថ្មីនឹងរួមចំណែកធនធានដល់ធនាគារ NDB ដើម្បីគាំទ្រដល់ការធ្វើពិពិធកម្មផលប័ត្ររបស់ធនាគារ និងបង្កើនសមត្ថភាពរបស់ធនាគារក្នុងការប្រមូលមូលនិធិ។

លោកស្រីបានមានប្រសាសន៍ថា៖ «ក្នុងនាមជាអតីតប្រធានាធិបតីនៃប្រទេសកំពុងអភិវឌ្ឍន៍ ខ្ញុំដឹងថា តើធនាគារពហុភាគីមានសារៈសំខាន់ប៉ុណ្ណា ហើយតើវាមានបញ្ហាប្រឈមប៉ុណ្ណាក្នុងការទទួលបានហិរញ្ញវត្ថុ ឬប្រមូលមូលនិធិតាមទំហំដែលត្រូវការ ដើម្បីដោះស្រាយបញ្ហាប្រឈមសង្គម និងសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់យើង»៕