(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា កិច្ចព្រមព្រៀង RCEP បានជួយបង្កើនការនាំចេញរបស់កម្ពុជា និងពាណិជ្ជកម្មពិភពលោកក្នុងការរួមចំណែកមួយ សម្រាប់ការនាំចេញ និងនាំចូល នៃបណ្ដាប្រទេស RCEP។

ទន្ទឹមគ្នានេះ លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៣នេះ កំណើននៃការនាំចេញរបស់កម្ពុជា ទៅកាន់តំបន់ RCEP មានចំនួន ២ ៨៩២លានដុល្លារ កើនឡើង១៦ភាគរយ ខណៈការនាំចូលមានចំនួន ៦ ៩៣១លានដុល្លារ ថយចុះ១៦ភាគរយ។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «អត្ថប្រយោជន៍ ដែល RCEP បានផ្ដល់មកកម្ពុជា គឺមានទំហំធំធេងណាស់ សម្រាប់ការនាំចេញរបស់កម្ពុជា ក៏ដូចជាការបង្កើនពាណិជ្ជកម្មពិភពលោក ដែលជាការរួមចំណែកមួយ សម្រាប់ការនាំចេញ និងនាំចូល នៃបណ្ដាប្រទេស RCEP»

លោកថា ក្នុងឆ្នាំ២០២២ RCEP បានផ្ដល់ឲ្យកម្ពុជា នូវសារៈសំខាន់ ដែលជាការកត់សម្គាល់ នៅក្នុងពេញមួយឆ្នាំ២០២២ គឺមានកំណើន បើគិតអំពីទំហំពាណិជ្ជកម្ម ជាមួយនឹងប្រទេស RCEP មានចំនួន ៣១,០៣១លានដុល្លារ កើនឡើង៤% និងការនាំចេញ មានចំនួន ៦,៣៤៤លានដុល្លារ កើនឡើង៧%។

ជាមួយគ្នានេះ មន្ដ្រីជាន់ខ្ពស់ពាណិជ្ជកម្មរូបនេះ បានពន្យល់ផងដែរថា ចំពោះតួលេខនាំចូលច្រើន សូមឲ្យកុំគិតថា ការនាំចូលច្រើន ជាការព្រួយបារម្ភ ដោយសារនាំចេញបានតិច គឺមិនមែននោះទេ ដោយកម្ពុជានាំចូលនូវវត្ថុធាតុដើម, គ្រឿងបន្លាស គ្រឿងបង្គុំរថយន្ដ និងប្រេង ដូច្នេះតួលេខនេះ បង្ហាញឃើញច្រើន ដោយសារតែទិញថ្លៃ។

លោកបន្ដថា កម្ពុជានៅមានលទ្ធភាពបន្ថែមទៀត ក្នុងការទាក់យកប្រយោជន៍ពីកិច្ចព្រមព្រៀង RCEP ដោយមិនទាន់បានប្រើប្រាស់អស់លទ្ធភាពនៅឡើយនោះទេ ព្រោះថាកម្ពុជានៅមានទំនិញមួយចំនួន ដែលត្រូវផលិត និងកែច្នៃ ដើម្បីធ្វើការនាំចេញ ដូចជា៖ ទំនិញកសិកម្ម, ទំនិញឧស្សាហកម្មកែច្នៃ និងទំនិញខ្នាតតូចមួយចំនួនទៀត ដែលទីផ្សារនៅប្រទេស RCEP ត្រូវការ។

បន្ថែមពីនោះទៀត លោក ប៉ែន សុវិជាតិ បានថ្លែងថា ការទាក់យកប្រយោជន៍ពីកិច្ចព្រមព្រៀង RCEP កម្ពុជាមិនទាន់បានប្រើប្រាស់អស់លទ្ធភាព នៅឡើយនោះទេ ក្នុងរយៈពេល១ឆ្នាំកន្លះមកនេះ ដោយនៅមានលទ្ធភាពពង្រីកបន្ថែមទៀត ដែលកិច្ចការងារនេះ ត្រូវចាប់ផ្ដើមធ្វើជាបណ្ដើរៗ ដោយអាស្រ័យលើវិស័យឯកជន ដើម្បីឲ្យប្រើប្រាស់ឲ្យបានអស់លទ្ធភាព ជាមួយនឹង RCEP។

លោក ប៉ែន សុវិជាតិ បានលើកឡើងថា កិច្ចព្រមព្រៀង RCEP បានជួយចូលរួមចំណែកច្រើន នៅក្នុងការជំរុញកំណើន នៃការធ្វើធុរកិច្ចរបស់កម្ពុជា ជាមួយនឹងប្រទេស RCEP លើសពីនេះទៀត ក៏រួមចំណែកច្រើន នៅក្នុងការបង្កើន ការធ្វើពាណិជ្ជកម្មកម្ពុជា ជាមួយនឹងពិភពលោក។

សូមជម្រាបថា កិច្ចព្រមព្រៀង RCEP បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដោយនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មី ចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា។

ជាមួយគ្នានេះ ក៏បានបន្ថែមពីលើការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗ ពីការវិនិយោគបរទេសផ្ទាល់ (FDI) និងការងារថ្មីៗ ជូនប្រជាពលរដ្ឋផងដែរ។

RCEP មានការចូលរួមប្រទេសចំនួន១៥រួមមាន៖ ប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់។ RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ ២ ២០០លាននាក់ ឬ ៣០ភាគរយ នៃប្រជាជនពិភពលោក និង មានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក៕