(ភ្នំពេញ)៖ តាមការគ្រោងទុកផលិតផលកសិកម្មរបស់កម្ពុជា ដែលអាចនាំចេញប្រទេសចិនបាន នឹងត្រូវដឹកចេញពីកំពង់ផែអន្តរជាតិកោះកុង ដែលស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុង ឆ្ពោះត្រង់ទៅកាន់កំពុងផែ លៀន អ៉ីន ភាគខាងជើង នៃប្រទេសចិននៅចុងខែមិថុនា ឆ្នាំ២០២៣។ នេះ​បើ​តាម​លោក កោរ រាំង (GAO LIANG) ប្រធាន​សភា​ពាណិជ្ជកម្មហឺណាន​នៅ​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន កោះកុង ផត មេនេចម៉ិន ឯ.ក។

ការឱ្យដឹងបែបនេះប្រធាន​សភា​ពាណិជ្ជកម្មហឺណាន​ បានធ្វើឡើងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលសេវាកម្មអតិថិជនកំពង់ផែអន្តរជាតិ ខេត្តកោះកុង និងសន្និសីទសារព័ត៌មាន ស្តីពីកាលបរិច្ឆេទនៃការធ្វើដំណើរលើកដំបូង ត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។ មន្ត្រីជាន់ខ្ពស់មកពីក្រសួងដឹកជញ្ជូន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងនាយកដ្ឋានពាក់ព័ន្ធផ្សេងទៀត ក្រុមហ៊ុនឯកជន និងតំណាងសារព័ត៌មានជាច្រើនបានចូលរួម។

លោក កោរ រាំង បានឱ្យដឹងថា ដោយឡែកសម្រាប់នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ដំណាំផលកសិកម្មមួយចំនួន នៅភូមិភាគខាងជើង ប្រទេសចិន ក៏នឹងដឹកជញ្ជូឆ្ពោះមកត្រង់កំពង់ផែអន្តរជាតិកោះកុងនេះដែរ។

លោកបានបន្តថា ការដឹកផលិតផលកសិកម្មរបស់ចិន មកកាន់កម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋស្គាល់នូវរសជាតិដំំណាំនៅភូមិភាគខាងជើង របស់ចិន ខណៈបច្ចុប្បន្ននេះ លោកបានមើលឃើញថា ដំណាំផ្លែឈើទាំងនេះមានលក់នៅលើទីផ្សារកម្ពុជា ប៉ុន្មានតម្លៃថ្លៃ។ ដោយឡែកសម្រាប់ដំណាំផលិតផលកសិកម្មរបស់កម្ពុជា ដែលបាននាំទៅលក់លើទីផ្សារតំបន់ភូមិភាគខាងជើងចិន ដែលតំបន់ត្រជាក់ក៏មានតម្លៃថ្លៃផងដែរ។ ដូច្នេះ ការដឹកជញ្ជូនដំណាំផលិតផលកសិកម្ម របស់ប្រទេសទាំងពីរ នឹងធ្វើឱ្យតម្លៃធូរថ្លៃជាដើម។

លោកបានអះអាងថា ការរៀបចំដឹកជញ្ជូនផលិតផលកសិកម្មរបស់ឆ្ពោះត្រង់ទៅវិញ ទៅមករវាងប្រទេសទាំងពីរនេះ គឺជាបំណងប្រថ្នារបស់លោកយូរមកហើយ។

កាលពិថ្ងៃទី៥ ខែមិថុនា លោកស្រី មិថុនា អភិបាលខេត្តកោះកុង បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ការិយាល័យ​កំពុងផែ លៀន អ៉ីន ក្នុង​ប្រទេស​ចិន ដោយ​អញ្ជើញ​ថ្នាក់​ដឹកនាំ​ការិយាល័យ​កំពុងផែ លៀន អ៉ីន មក​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍន៍កិច្ចការកំពង់ផែទាំងពីរនេះ ហើយចុះហត្ថលេខាលើអនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការកំពង់ផែមិត្តភាព និងការបង្កើតកំពង់ផែមិត្តភាព។

កំពុងផែកុងតឺន័រផលិតផលកសិកម្មអន្តរជាតិ នៅខេត្តកោះកុង ស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មសេរីអន្តរជាតិ តារាសាគរ ដែលមានជម្រៅទឹក ១២.៥ ម៉ែត្រ និងស្តង់ដារអាចទុក្ខទម្ងន់បានជាង ១០ ០០០តោន។ ផែនការមេកំពង់ផែរួមមាន៖ តំបន់កែច្នៃនាំចូលនិងនាំចេញ តំបន់សេដ្ឋកិច្ចពិសេស មជ្ឈមណ្ឌលផ្ទុកភស្តុភារខ្សែសង្វាក់ត្រជាក់ តំបន់ពិព័រណ៍ទំនិញនាំចេញនិងនាំចូល កន្លែងផ្ទុកកុងតឺន័រ។ល។ បច្ចុប្បន្ន កំពង់ផែនេះត្រូវបានអនុម័តជាផ្លូវការដោយក្រសួងដឹកជញ្ជូននៃរាជរដ្ឋាភិបាលកម្ពុជា។

ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ កំពង់ផែនេះបានឆ្លងកាត់ការត្រួតពិនិត្យជាផ្លូវការ និងការទទួលយកស្គាល់ពីនាយកដ្ឋានពាក់ព័ន្ធរបស់រដ្ឋាភិបាល ហើយមានសមត្ថភាពក្នុងការទទួលនាវាចរណ៍សម្រាប់កប៉ាល់ទម្ងន់ ១០ ០០០តោន។

សូមជម្រាបថា រហូតមកដល់ពេលនេះ ផលិតផលកសិកម្មរបស់កម្ពុជា ដែលអាចនាំចេញប្រទេសចិន រួមមាន៖ អង្ករ ដំឡូងមីក្រៀម គ្រាប់ស្វាយចន្ទី ចេក ផ្លែស្វាយ ពោត ផ្លែមៀនប៉ៃលិន (តាង៉ែន) ត្រីប្រា ម្រេច រួមទាំងផលិតផលជលផលពីធម្មជាតិចំនួន ១១ប្រភេទថែមទៀត៕