(កំពង់ធំ-ព្រះវិហារ)៖ ​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនប្រជាសហគមន៍សាក្រាមរុងរឿង ដែលជាបណ្តំក្រុមអ្នកផលិតស្វាយចន្ទី​ ស្រូវ​ និងដំឡូងមី​។

បច្ចុប្បន្នសហគមន៍សាក្រាម បានដាំដុះស្វាយចន្ទីសរុបចំនួន​ ១​ ២០០​ហិកតា​ ដែលមានអាស័យដ្ឋាន ស្ថិតនៅភូមិត្រសាក្រាម ឃុំសាក្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ​បណ្ឌិត កៅ ថាច បានបញ្ជាក់ថា​ ក្នុងករណីសហគមន៍ ឬសមាជិក​ចង់បានឥណទាន ដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី បងប្អូនអាចស្នើសុំឥណទានពីធនាគារ​ ARDB បានក្នុង​អត្រា​ការប្រាក់​សមរម្យ​។

ជាមួយគ្នានេះ បណ្ឌិត កៅ ថាច បានបន្តចុះពិនិត្យសកម្មភាពការប្រមូលទិញស្វាយចន្ទី ការផលិត និងខ្សែច្រវាក់កែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន សានតាណាអាហ្គ្រោប្រដាក់ (SANTANA) នៅភូមិជីអោក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារផងដែរ។

ក្រុមហ៊ុនសានតាណាអាហ្គ្រោប្រដាក់ (SANTANA) បានធ្វើ​ការអភិវឌ្ឍដំណាំស្វាយចន្ទីច្រើនឆ្នាំមកហើយ លើផ្ទៃដីចំនួន ៨៥០ហិកតា ហើយបច្ចុប្បន្នកំពុងប្រមូលផលស្វាយចន្ទីលើផ្ទៃដី ២៥០ហិកតា ដោយប្រើពូជ M23 ហើយផ្តល់ទិន្នផលបាន ៤-៥តោន/ហិកតា​(បរិមាណផលអាស្រ័យទៅតាមរដូវកាល និងអាយុប្រមូលផល)។

ទន្ទឹមនេះ រោងចក្របានធ្វើការកែច្នៃ វេចខ្ចប់ នាំចេញទៅកាន់ទីផ្សារបរទេស ក្នុងនោះប្រទេសចិនជាទីផ្សារទទួលទិញធំជាងគេ ហើយក៏មាននាំចេញផងដែរទៅទីផ្សារអឺរ៉ុប កូរ៉េខាងត្បូង និងបណ្តាប្រទេសមួយចំនួនទៀត។ ដោយឡែកសមត្ថភាពក្នុងការផលិត រោងចក្រនេះអាចធ្វើការកែច្នៃបាន ១០តោន/ថ្ងៃ និងបានប្រើកម្លាំងពលកម្មសរុបចំនួន១២០នា​ក់។

បណ្ឌិតបានសំណូមពរ​ឱ្យ​ក្រុមហ៊ុន សូមអោយបន្តជួយប្រមូលទិញស្វាយចន្ទី​ ពីសហគមន៍ទាំង៣៥​ នៅទូទាំងខេត្តព្រះវិហារផងដែរ។

បន្ទាប់មក លោកបណ្ឌិត កៅ ថាច បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនប្រជាសហគមម៍កសិកម្ម អូរខ្លែងព័រមានជ័យ ដែលជាបណ្តំក្រុមអ្នកផលិតស្វាយចន្ទី​​ ដំឡូងមី​ និងទទួលសេវាកម្ម បោកស្រូវ​ បោកសណ្តែក​ដល់ទីកន្លែង​ និងកែច្នៃគ្រប់ស្វាយចន្ទី។

ក្នុងឱកាសជួបជុំនេះ ​បណ្ឌិតប្រាប់ដល់សមាជិកសហគមន៍ថា រាជរដ្ឋាភិបាល​កម្ពុជា មានគោលនយោបាយគាំទ្រ​ និងចង់ប្រែក្លាយកម្ពុជា​ ទៅជាអធិរាជគ្រប់ស្វាយចន្ទី​ នាពេល​អនាគត​។ ជាមួយគ្នានេះដែរក្នុងករណី សហគមន៍ ឬសមាជិក​សហគមន៍​ណាម្នាក់ចង់បានឥណទាន ដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី បងប្អូនអាចស្នើសុំឥណទានពីធនាគារ​ ARDB ដោយក្នុង​អត្រា​ការប្រាក់​សមរម្យ​ ដើម្បីទិញជី​ ថ្នាំ​ ម៉ាស៊ីន​បកស្វាយចន្ទី​សាងសង់​ឃ្លាំង​ស្តុក​ លាន​ហាល​ និងថែទាំជាដើម។​

លោកបណ្ឌិតបានបញ្ជាក់ថា ចំពោះអត្រាការប្រាក់របស់ ARDB គឺជាការប្រាក់សម្បទាន និងជាការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាកសិករ នៅទីជនបទ ​ដើម្បីពង្រីកវិស័យកសិកម្ម។

ដោយឡែកបន្ថែមពីនេះ បណ្ឌិតក៏បានណែនាំអំពីវត្តមានរបស់ក្រុមហ៊ុន សានតាណាអាហ្គ្រោប្រដាក់ (SANTANA) ដែលនឹងចូលរួមជួយគាំទ្រខាងបច្ចេកទេសដាំដុះ និងទទួលទិញកសិផលស្វាយចន្ទី ពីសហគមន៍ផងដែរ។

លោកបណ្ឌិតបានលើកទឹកចិត្តដល់បងប្អូនអាចគិតគូរស្នើសុំឥណទាន ពីធនាគារ​ ARDB ដោយយកស្តុកគ្រាប់ស្វាយចន្ទីស្ងួត មកដាក់ធ្វើជាទ្រព្យធានាបំណុលបាន​ នៅពេលដែលទីផ្សារមានការធ្លាក់ចុះតម្លៃខ្លាំង​ ដែលធនាគារអាចផ្តល់ឥណទាន ជូនរហូតដល់៧០% នៃតម្លៃ​គ្រាប់​ស្វាយចន្ទី​ក្នុងឃ្លាំងស្តុក។

បណ្ឌិតក៏បានសំណូមពរឲ្យសមាជិកសហមន៍ គួរសិក្សាពីបច្ចេកទេសឱ្យច្បាស់លាស់លើដាំដុះ​ ការថែទាំ​ ដើម្បីបង្កើនការផលិត​ និងការកែច្នៃ​ ឲ្យ​ស្របតាមសង់ដារចំណីអាហារ​ ដើម្បីលក់ទៅទីផ្សារផងដែរ។

ឆ្លៀឱកាសនោះ បណ្ឌិត កៅ ថាច ក៏បានអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើស តំាងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នាកុំបីខាន៕