(ភ្នំពេញ)៖ នៅរយៈពេល៥ខែដើម ឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញអង្ករចំនួន ២៧៨ ១៨៤តោន និងស្រូវចំនួន ២ ១៤២ ៤៨៣តោន ទទួលបានថវិកាចំនួន ៧៣៦.៩០លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ។

សហព័ន្ធស្រូងអង្ករកម្ពុជាបានឱ្យដឹងថា ការនាំអង្ករបានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញចំនួន ៤៨ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤៩ បានបរិមាណអង្ករសរុបចំនួន ២៧៨ ១៨៤ តោន ដែលគិតជាទឹកប្រាក់ចំនួន ១៩១.៦៤ លានដុល្លារសហរដ្ឋអាមេរិក និងស្រូវចំនួន ២ ១៤២ ៤៨៣ តោន (ប្រមាណជា ១.៣៧ លានតោនអង្ករ) ទៅកាន់ប្រទេសវៀតណាម ដែលគិតជាទឹកប្រាក់ប្រមាណជា ៥៤៥.២៦ លានដុល្លារសហរដ្ឋមេរិក។

យោងតាមរបាយការណ៍បញ្ជាក់ថា ការនាំចេញនេះអង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៨៣.៤៩%, អង្ករសចំនួន១០.៨៧%, អង្ករចំហុយ៣.៧១% និងអង្ករសរីរាង្គចំនួន ១.៩៣% ។

ប្រទេសចិននៅតែជាទីផ្សារចម្បងរបស់កម្ពុជា ដែលគ្របដណ្តប់លើការនាំចេញសរុបចំនួន ៤២.៤៣% មានទឹកប្រាក់សរុបចំនួន ៧៧.៤២ លានដុល្លារសហរដ្ឋអាមេរិក, ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ប្រទេស គ្របដណ្តប់ចំនួន ៣៧.៩៣% ដែលគិតជាទឹកប្រាក់ប្រមាណជា ៧១.៩៩លានដុល្លារសហរដ្ឋអាមេរិក ប្រទេសអាស៊ានចំនួន៤ ស្មើនឹង ៧.៨៦% ក្នុងនោះប្រទេសហ្វីលីពីនជាទីផ្សារទើបនាំចេញ ក្នុងបរិមាណធំលើកទី១ចំនួន ២ ៥៧៥តោន ក្រៅពីនេះទីផ្សារផ្សេងៗចំនួន ២០គោលដៅស្មើនឹង ១០.៧៨%៕