(អ៊ីស្តង់ប៊ុល)៖ ក្រុមហ៊ុនអាកាសចរណ៍នឹងទទួលបានប្រាក់ចំណេញវិញ និងដឹកជញ្ជូនអ្នកធ្វើដំណើរជិត ៤,៣៥ពាន់លាននាក់នៅឆ្នាំនេះ ប៉ុន្តែការស្ទុះងើបឡើងវិញក្រោយការរាតត្បាតជំងឺរបស់វិស័យនេះនៅតែផុយស្រួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានឱ្យដឹងថា ឧស្សាហកម្មធ្វើដំណើរផ្លូវអាកាសត្រូវបានព្យាករថានឹងប្រកាសប្រាក់ចំណេញសុទ្ធសរុបចំនួន ៩,៨ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ឬមានចំនួន ២ដងធៀបនឹងការព្យាករកន្លងមក ដែលត្រូវបានជំរុញដោយការបញ្ចប់នៃការរឹតបន្តឹងទប់ស្កាត់ជំងឺកូវីដរបស់ប្រទេសចិន។

សមាគម IATA បានបន្ថែមថា ការខាតបង់នៅឆ្នាំ២០២២ របស់វិស័យនេះត្រូវបានប៉ាន់ថាមានចំនួន ៣,៦ពាន់លានដុល្លារ ពោលគឺទាបជាងពាក់កណ្តាលធៀបនឹងការព្យាករបឋម។

លោក Willie Walsh អគ្គនាយកសមាគម IATA ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន AFP ដែលបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងអំឡុងពេលកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់សមាគមនៅទីក្រុងអ៊ីស្តង់ប៊ុលថា៖ «លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងឆ្នាំ២០២៣ កំពុងលើសពីការរំពឹងទុក»

លោក Walsh បានមានប្រសាសន៍ថា៖ «ប្រាក់ចំណេញកាន់តែរឹងមាំត្រូវបានគាំទ្រដោយការអភិវឌ្ឍប្រកបដោយវិជ្ជមានជាច្រើន។ ប្រទេសចិនបានដកវិធានការរឹតបន្តឹងប្រឆាំងជំងឺកូវីដ-១៩ កាលពីដើមឆ្នាំនេះលឿនជាងការរំពឹងទុក»

លោកបានបន្ថែមថា បើទោះបីជាតម្លៃឥន្ធនៈយន្តហោះនៅតែមានកម្រិតខ្ពស់ ក៏ក្រុមហ៊ុនអាកាសចរណ៍បានសម្របខ្លួនបាននៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។

អតិផរណាបានកើនឡើងនៅទូទាំងពិភពលោក ខណៈដែលការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើឱ្យការចំណាយលើថាមពលកើនឡើង ប៉ុន្តែតម្លៃប្រេង និងឧស្ម័នធម្មជាតិបានធ្លាក់ចុះចាប់តាំងពីពេលនោះមក។

លោក Walsh បាននិយាយថា៖ «នៅលើផ្នែកចំណាយ មានការធូរស្រាលខ្លះ»