(កូឡុំបូ)៖ មន្ត្រីកំពូលមួយរូបរបស់ប្រទេសស្រីលង្កាបានឱ្យដឹងនៅថ្ងៃពុធថា ស្រីលង្កានិងប្រទេសថៃ អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅខែមីនា ឆ្នាំ២០២៤ ខណៈដែលខ្លួនព្យាយាមកសាងសេដ្ឋកិច្ចដែលរងវិបត្តិរបស់ខ្លួនឡើងវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រទេសទាំងពីរបានចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងឡើងវិញក្នុងខែមករា ពោលគឺប៉ុន្មានខែបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរបានលេបត្របាក់ប្រទេសស្រីលង្កា ខណៈដែលប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួនបានធ្លាក់ចុះដល់កម្រិតទាបបំផុត។

ប្រធានអ្នកចរចា FTA របស់ប្រទេសស្រីលង្កា លោក K.J. Weerasinghe បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធថា៖ «នឹងមានការចរចាជាច្រើនលើកទៀត ប៉ុន្តែខ្ញុំមានទំនុកចិត្តថា យើងអាចបញ្ចប់កិច្ចព្រមព្រៀងដើម្បីអាចចុះហត្ថលេខានៅខែមីនា ឆ្នាំ២០២៤»

លោកបានបន្ថែមថា គណៈប្រតិភូថៃត្រូវបានរំពឹងថានឹងធ្វើទស្សនកិច្ចនៅទីក្រុងកូឡុំបូចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនាសម្រាប់ជុំបន្ទាប់នៃកិច្ចចរចាដែលគ្របដណ្តប់លើទំនិញ កិច្ចសហប្រតិបត្តិការគយ ការវិនិយោគ ការដោះស្រាយវិវាទ និងសេវាកម្ម។

ទិន្នន័យរបស់ធនាគារកណ្តាលស្រីលង្កាបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីមានប្រហែល ៤៦០លានដុល្លារក្នុងឆ្នាំ២០២១។ ទំនិញនាំចេញជាចម្បងស្រីលង្កាទៅកាន់ប្រទេសថៃរួមមានតែ និងត្បូងមានតម្លៃ ហើយនាំចូលឧបករណ៍អេឡិចត្រូនិក អាហារ កៅស៊ូ ប្លាស្ទិក និងឱសថពីប្រទេសថៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕