(ប៉េកាំង)៖ របាយការណ៍ពីវិទ្យាស្ថាន Lowy Institute បានបង្ហាញថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារពិភពលោក (WB) និងប្រទេសជប៉ុនបានចំណាយច្រើនជាងប្រទេសចិនលើការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីជំងឺកូវីដបានរំខានដល់ការចំណាយរបស់ទីក្រុងប៉េកាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រហូតមកដល់ឆ្នាំ២០១៩ ប្រទេសចិនបាននាំមុខខាងផ្នែកផ្តល់ហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាស៊ីអាគ្នេយ៍ ដែលជាដៃគូនាំចេញធំបំផុតរបស់ប្រទេសនេះ ដោយសារតែភាពលេចធ្លោរបស់ខ្លួនក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ ជំងឺរាតត្បាតកូវីដ-១៩ បានបង្កការលំបាកដល់ការផ្តល់ហិរញ្ញវត្ថុនេះ ដែលមានន័យថា អ្នកផ្តល់ប្រាក់កម្ចីផ្សេងទៀតបានវ៉ាដាច់ប្រទេសចិននៅពេលដែលពួកគេបន្តផ្តល់ជំនួយជាថវិកា។

វិទ្យាស្ថាននេះបានឱ្យដឹងថា នៅឆ្នាំ២០២១ ចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំទីពីរក្នុងពិភពលោកបានផ្តល់ហិរញ្ញវត្ថុត្រឹមតែ ១៤ភាគរយនៃហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការរបស់តំបន់នេះក្នុងឆ្នាំ២០២១ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះពី ២៤ភាគរយក្នុងឆ្នាំ២០១៥។

របាយការណ៍របស់វិទ្យាស្ថាន Lowy Institute ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះក៏បានរកឃើញគម្លាតរវាងការប្តេជ្ញាចិត្តចំពោះគម្រោងរបស់ចិន និងការបញ្ចេញទឹកប្រាក់ជាក់ស្តែងរបស់ប្រទេសនេះផងដែរ ដោយទីក្រុងប៉េកាំងបានផ្តល់ហិរញ្ញប្បទានត្រឹមតែ ៤០ភាគរយប៉ុណ្ណោះនៅចន្លោះពីឆ្នាំ២០១៥ ដល់២០២១។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ របាយការណ៍ដដែលនេះបានបង្ហាញថា ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិនក្នុងអំឡុងពេលមានជំងឺរាតត្បាតនេះ មានន័យថា ធនាគារគោលនយោបាយសំខាន់ចំនួនពីររបស់ប្រទេសចិនមានភាពយឺតយ៉ាវក្នុងការបញ្ចេញប្រាក់កម្ចីថ្មីនៅបរទេស។

វិទ្យាស្ថាន Lowy Institute បានឱ្យដឹងទៀតថា ការផ្តល់ហិរញ្ញប្បទានរបស់ចិនភាគច្រើនបានធ្វើឡើងក្នុងទម្រង់ជាប្រាក់កម្ចីមិនមែនសម្បទានពីធនាគារ China Export Import Bank និងធនាគារ China Development Bank ដោយ ៣ភាគ៤ នៃទឹកប្រាក់ចំនួនប្រហែល ៥,៥ពាន់លានដុល្លារដែលចិនបានចំណាយជារៀងរាល់ឆ្នាំធ្លាក់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ។

ជំនួយរបស់ចិនក៏ត្រូវបានគេរកឃើញថាត្រូវបានប្រមូលផ្តុំនៅទូទាំងប្រទេសមួយចំនួន ដោយប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី និងថៃ ទទួលបានចំណែកធំបំផុត ខណៈដែលអ្នកផ្តល់ប្រាក់កម្ចីផ្សេងទៀតបានផ្តល់ការគាំទ្រប្រកបដោយតុល្យភាពជាងចិននៅទូទាំងតំបន់ និងក្នុងវិស័យផ្សេងៗក្រៅតែពីវិស័យហេដ្ឋារចនាសម្ព័ន្ធ។

យោងតាមរបាយការណ៍ដដែលនេះបានឱ្យដឹងទៀតថា ប្រទេសចិននៅតែជាអ្នកផ្តល់ហិរញ្ញប្បទានផ្នែកហេដ្ឋារចនាសម្ព័ន្ធធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ចិនបានផ្តល់ប្រាក់ចំនួន ៤ ពាន់លានដុល្លារក្នុងមួយឆ្នាំនៅចន្លោះពីឆ្នាំ២០១៥ ដល់២០២១ ខណៈដែលប្រទេសជប៉ុនផ្តល់ទឹកប្រាក់ចំនួនតែ ២,៥ពាន់លានដុល្លារ ហើយធនាគារពិភពលោកត្រឹមតែជាង ១ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕