(វ៉ាស៊ីនតោន)៖ ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងខែមេសាបានកើនឡើងដល់កម្រិតខ្លាំងបំផុតក្នុងរយៈពេល ៦ខែ ដោយសារការនាំចេញបានធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីការចាប់ផ្តើមកើតមានជំងឺរាតត្បាត ហើយការនាំចូលបានកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មអាមេរិកដែលបានចេញផ្សាយនៅថ្ងៃពុធសប្តាហ៍នេះថា ឱនភាពពាណិជ្ជកម្មទំនិញ និងសេវាកម្មបានកើនឡើងចំនួន ១៤ពាន់លានដុល្លារ ឬ ២៣% នៅខែមេសាធៀបនឹងខែមីនាដល់ ៧៤,៦ពាន់លានដុល្លារ។ តួលេខមិនត្រូវបានកែតម្រូវសម្រាប់អតិផរណាទេ។ ការប៉ាន់ប្រមាណជាមធ្យមនៅក្នុងការអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg លើសេដ្ឋវិទូនានាបានបង្ហាញថា ឱនភាពនេះមានចំនួន ៧៥,៨ពាន់លានដុល្លារ។

តម្លៃនៃការនាំចេញទំនិញ និងសេវាកម្មបានធ្លាក់ចុះ ៣,៦% ដែលជាចំនួនច្រើនបំផុតគិតចាប់តាំងពីខែមេសា ឆ្នាំ២០២០មក មកនៅត្រឹម ២៤៩ពាន់លានដុល្លារ ខណៈដែលការនាំចូលបានកើនឡើង ១,៥% ដល់ ៣២៣,៦ពាន់លានដុល្លារ។ ការធ្លាក់ចុះការនាំចេញទៅក្រៅប្រទេសមានទំហំធំខ្លាំង ហើយរួមបញ្ចូលទាំងការធ្លាក់ចុះការផ្គត់ផ្គង់ឧស្សាហកម្មផងដែរ។ ការនាំចេញទំនិញមូលធនដូចជាគ្រឿងចក្រនិងឧបករណ៍ផ្សេងៗ និងទំនិញប្រើប្រាស់ក៏ថយចុះផងដែរ។

ការនាំចូលយានយន្តនិងគ្រឿងបន្លាស់ គ្រឿងផ្គត់ផ្គង់ឧស្សាហកម្ម ទូរសព្ទដៃ និងទំនិញក្នុងផ្ទះផ្សេងទៀតបានកើនឡើង៕