(ហ៊្សូរិច)៖ សភារបស់ប្រទេសស៊្វីសនឹងស៊ើបអង្កេតការចូលកាន់កាប់ធនាគារ Credit Suisse ពីសំណាក់ធនាគារជាគូប្រជែងរបស់ខ្លួន UBS ដោយមានការធ្វើអន្តរគមន៍ពីរដ្ឋាភិបាលស៊្វីស បន្ទាប់ពីមានការបោះឆ្នោតបង្កើតគណៈកម្មការស៊ើបអង្កេតមួយកាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

គណៈកម្មការស៊ើបអង្កេតរបស់សភានឹងត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតអំពីរបៀបដែលអាជ្ញាធរស្វីសបានបង្កើតឱ្យមានការច្របាច់បញ្ចូលគ្នាយ៉ាងឆាប់រហ័សនូវធនាគារធំបំផុតទាំងពីររបស់ប្រទេសនេះកាលពីខែមីនា។

បន្ទាប់ពីសភាជាន់ទាបបានបោះឆ្នោតជាឯកច្ឆ័ន្ទកាលពីថ្ងៃពុធដើម្បីបង្កើតគណៈកម្មការស៊ើបអង្កេតដ៏កម្រនេះ សភាជាន់ខ្ពស់ឬហៅថាក្រុមប្រឹក្សារដ្ឋបានបោះឆ្នោតក្នុងសំឡេង ៣៧ ទល់នឹង ៥សំឡេងដើម្បីគាំទ្រការបង្កើតគណៈកម្មការនេះកាលពីថ្ងៃព្រហស្បតិ៍។

គណៈកម្មការនេះនឹងពិនិត្យមើល «ភាពស្របច្បាប់ ឱកាស និងប្រសិទ្ធភាពនៃសកម្មភាពនានា» របស់អាជ្ញាធរស៊្វីសក្នុងការចូលកាន់កាប់ធនាគារ Credit Suisse ។ គណៈកម្មការនឹងរាយការណ៍អំពី «ចំនុចខ្វះខាតនានាដែលត្រូវបានសង្កេតឃើញមាននៅកម្រិតស្ថាប័ន»

គណៈកម្មការស៊ើបអង្កេតនេះនឹងមានសមាជិកសភាចំនួន ១៤រូប ដែលមាន ៧រូបមកពីសភានីមួយៗ ដោយមានតំណាងគណបក្សធំៗទាំងអស់។ ពួកគេនឹងត្រូវបានតែងតាំងនៅសប្តាហ៍ក្រោយ។ គណៈកម្មការនឹងមានថវិកាចំនួនប្រាំលានហ្វ្រង់ស៊្វីស (៥,៥លានដុល្លារអាមេរិក)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕