(បារីស)៖ អង្គការ OECD បានឱ្យដឹងថា សេដ្ឋកិច្ចពិភពលោកនឹងជួបប្រទះនូវការស្ទុះងើបឡើងវិញទន់ខ្សោយដោយសារផលវិបាលនៃជំងឺកូវីដ-១៩ សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន អតិផរណារ៉ាំរ៉ៃជាប់លាប់ និងគោលនយោបាយរឹតត្បិតរបស់ធនាគារកណ្តាលសំខាន់ៗដែល ព្យាយាមទប់ទល់នឹងសម្ពាធតម្លៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់របាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចចុងក្រោយបង្អស់របស់អង្គការ OECD ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសដែលបានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ២,៧% នៅឆ្នាំនេះ ហើយនឹងកើនឡើងតិចតួចដល់ ២,៩% ក្នុងឆ្នាំ២០២៤។ អត្រាទាំងពីរនេះមានកម្រិតទាបជាងអត្រាជាមធ្យម ៣,៤% ដែលទទួលបានក្នុងរយៈពេលប្រាំពីរឆ្នាំមុនពេលមានជំងឺរាតត្បាត។

របាយការណ៍ដដែលនេះបានឱ្យដឹងថា សហរដ្ឋអាមេរិក តំបន់ចាយប្រាក់អឺរ៉ូ និងប្រទេសចិននឹងមើលឃើញពីការស្ទុះងើបសេដ្ឋកិច្ចយឺតយ៉ាវដូចគ្នា ខណៈដែលអតិផរណានឹងកើនឡើងខ្លាំងជាងអតិផរណដែលកើតមានក្នុងរយៈពេលរហូតដល់ឆ្នាំ២០១៩។

អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) បានឱ្យដឹងទៀតថា ស្ថានភាពនេះបង្កើតបញ្ហាឈឺក្បាលសម្រាប់ធនាគារកណ្តាលនានា ខណៈដែលធនាគារទាំងនោះត្រូវតែបន្តចាត់វិធានការដើម្បីទប់ស្កាត់សម្ពាធតម្លៃស្នូលដែលកំពុងកើនឡើងខ្លាំងជាងការរំពឹងទុក ខណៈពេលដែលចាត់វិធានការយ៉ាងដោយមិនឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចខ្លាំងពេក។

លោក Clare Lombardelli ប្រធានសេដ្ឋវិទូរបស់អង្គការ OECD បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ជាការពិតណាស់ ធនាគារកណ្តាលចាំបាច់ត្រូវរក្សាការប្រុងប្រយ័ត្ន និងថ្លឹងថ្លែងហានិភ័យទាំងសងខាង»

ការព្រមាននេះកើតឡើងមួយថ្ងៃបន្ទាប់ពីធនាគារពិភពលោកបានព្រមានថា សេដ្ឋកិច្ចពិភពលោកស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ហើយកំពុងឆ្ពោះទៅរកការថមថយកំណើនគួរឱ្យកត់សម្គាល់នៅចុងឆ្នាំនេះ ខណៈដែលការដំឡើងអត្រាការប្រាក់ចាប់ផ្តើមបញ្ចេញឥទ្ធិពល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕