(ភ្នំពេញ)៖ សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)និង សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានសហការរៀបចំសិក្ខាសាលា ស្តីពីការសម្របសម្រួលពាណិជ្ជកម្មរវាងជប៉ុន និងកម្ពុជា និងឌីជីថលភាវូបនីយកម្មពាណិជ្ជកម្ម ដើម្បីឱ្យសហគ្រិន និងពាណិជ្ជករកម្ពុជា បានស្វែងយល់ពីកិច្ចសម្រួលពាណិជ្ជកម្ម ក្នុងនាំចេញទំនិញទៅកាន់ប្រទេសជប៉ុន និងស្វែងរកនូវអ្វីដែលជាចំណុចខ្វះខាត និងកែលម្អការផលិតរបស់ខ្លួនបន្តទៀត ឱ្យត្រូវទៅតាមស្តង់ដារនាំចេញ។

សិក្ខាសាលានេះ បានរៀបចំឡើងក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម UENO ATSUSHI ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងគោលបំណងជួយសម្រួលដល់ការពិភាក្សាលើការធ្វើឌីជីថល និងការបង្រួបបង្រួមនៃដំណើរការ នៅក្នុងកិច្ចប្រជុំទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជនរវាងកម្ពុជា-ជប៉ុននាពេលខាងមុខ ដើម្បីលើកកម្ពស់ផ្នែកបណ្តាញធុរកិច្ច និងការផ្គូផ្គងអាជីវកម្មរវាងកម្ពុជា និងជប៉ុន តាមរយៈការប្រើប្រាស់មធ្យោបាយ និងសេវាកម្មប្រកបដោយប្រសិទ្ធភាពដែលរួមមាន «Japan Street» របស់ JETRO ការផ្គូផ្គងអាជីវកម្មតាមរយៈសមាគម CJBI និងសេវាកម្មផ្សព្វផ្សាយសម្រាប់ទំនិញនាំចេញរបស់កម្ពុជានៅមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ក្នុងប្រទេសជប៉ុន។

លោកបណ្ឌិត ឃឹម លាង អនុប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) និងជានាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានថ្លែងថា CJBI បានខិតខំក្នុងការផ្គូផ្គងអាជីវកម្មរវាងកម្ពុជា និងជប៉ុន ដើម្បីបង្កើនឱកាសដល់សហគ្រិន និងពាណិជ្ជករកម្ពុជាឱ្យបានកាន់តែច្រើនក្នុងការនាំចេញទំនិញរបស់ខ្លួនទៅកាន់ទីផ្សារជប៉ុន។

លោកបន្តថា «ការនាំចេញទំនិញពីខ្មែរទៅជប៉ុន គឺមានឱកាសច្រើនទៅថ្ងៃមុខបន្តទៀត។ អ៊ីចឹងហើយការសម្របសម្រួលផ្នែកពាណិជ្ជកម្ម គឺមានសារៈសំខាន់ណាស់ ដើម្បីធ្វើឱ្យវាមានភាពងាយស្រួល ដូចជាកាត់បន្ថយពេលវេលា និងការចំណាយផ្សេងៗ»

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រសួងពាណិជ្ជកម្មបានចូលរួមកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការធ្វើពាណិជ្ជកម្មឌីជីថលរួមមាន៖ ការបង្កើតគេហទំព័រចុះបញ្ជីពាណិជ្ជកម្ម តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម (MoC) ឬតាមរយៈ CamDX ដែលជាប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម តាមប្រព័ន្ធស្វ័យប្រវត្តកម្មរួមមួយ ដែលរៀបចំ និងបង្កើតដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ប្រព័ន្ធស្វ័យប្រវត្តិកម្មសំខាន់មួយទៀតគឺ Certificate of Origin Automation ដែលផ្តល់ជូនអ្នកនាំចេញ និងអ្នកផលិត ដើម្បីបង្កើត បញ្ជូន និងទូទាត់តាមអេឡិចត្រូនិក សម្រាប់វិញ្ញាបនបត្រនៃប្រភពដើមទំនិញ (CO)។

លោកមានប្រសាសន៍បន្ថែមថា «ក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក មានឈ្មោះថា «Go4eCAM» ដែលមានគោលបំណងគាំទ្រសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីចូលរួមក្នុងពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល តាមរយៈការបង្កើតទីផ្សារអេឡិចត្រូនិកមួយ មានឈ្មោះថា Cambodiatrade.com សម្រាប់គាំទ្រសហគ្រាសធុនតូច និងមធ្យម លក់ផលិតផល ដែលផលិតនៅកម្ពុជាទៅកាន់ទីផ្សារក្នុងស្រុក និងឆ្លងព្រំដែន»

លោក លើកទឹកចិត្តដល់ក្រុមហ៊ុនល្បីៗ ពីប្រទេសជប៉ុនមកបណ្តាក់ទុន និងបង្កើតរោងចក្រនៅកម្ពុជា។ ជាមួយគ្នានេះ កម្ពុជា និងជប៉ុន គួរតែបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីធានាការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ RCEP និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់អាស៊ាន-ជប៉ុន (AJCEP) និងលើកទឹកចិត្ត សភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ពិចារណាលទ្ធភាពនៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៕