(ញូវដែលី)៖ គណៈរដ្ឋមន្ត្រីឥណ្ឌានៅថ្ងៃពុធសប្តាហ៍នេះបានអនុម័តសំណើថវិកាចំនួន ១១,៨ពាន់ពាន់លានរូពី (១២ពាន់លានដុល្លារ) ដើម្បីបន្តកម្មវិធីផ្តល់ស្បៀងអាហារឥតគិតថ្លៃសម្រាប់ពលរដ្ឋប្រហែល ៨០០លាននាក់សម្រាប់រយៈពេល ៥ឆ្នាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយលោក Anurag Thakur ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្នុងសន្និសីទកាសែតមួយនៅទីក្រុងញូវដែលីថា ផែនការថ្មីនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។

ការអនុម័តនេះកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារ៉េនត្រា ម៉ូឌី (Narendra Modi) បានប្តេជ្ញាថានឹងបន្តកម្មវិធីឧបត្ថម្ភស្បៀងអាហារនេះក្នុងគោលបំណងការពារអ្នកប្រើប្រាស់ពីការកើនឡើងតម្លៃអាហារខ្ពស់។

យោងតាមទិន្នន័យរបស់ក្រសួងស្បៀងអាហារឥណ្ឌា តម្លៃអង្ករលក់រាយបានកើនឡើង ១៥% ធៀបនឹងឆ្នាំមុននៅទីក្រុងដែលី ខណៈដែលស្រូវសាលីឡើងថ្លៃប្រហែល ៧%។

ស្ថិតក្រោមកម្មវិធីឧបត្ថម្ភស្បៀងអាហារនេះដែលបានចាប់ផ្តើមជាលើកដំបូងក្នុងអំឡុងពេលជំងឺរាតត្បាត ពលរដ្ឋឥណ្ឌាប្រហែល ៨០០លាននាក់ទទួលបានស្រូវសាលី ឬអង្ករ ៥គីឡូក្រាមរៀងរាល់ខែ។ ផែនការនេះមានប្រជាប្រិយភាពខ្លាំង និងទទួលបានការសរសើរយ៉ាងទូលំទូលាយសម្រាប់ការជួយឱ្យគណបក្សបារ៉ាទីយ៉ា ចាណាតា (Bharatiya Janata) ដែលកំពុងកាន់អំណាចឈ្នះការបោះឆ្នោតនៅក្នុងរដ្ឋមួយចំនួនកាលពីឆ្នាំមុន។

រដ្ឋាភិបាលឥណ្ឌាបានដាក់កម្រិតលើការនាំចេញស្រូវសាលី អង្ករ និងស្ករ ដើម្បីរក្សាការផ្គត់ផ្គង់ក្នុងស្រុកនូវអាហារសំខាន់ៗ។ ដើម្បីទាក់ទាញអ្នកបោះឆ្នោត រដ្ឋាភិបាលរបស់លោក ម៉ូឌី ក៏បានបង្កើនការឧបត្ថម្ភធនលើឧស្ម័នចម្អិនអាហារ និងជីផងដែរ។ រដ្ឋាភិបាលកំពុងពិចារណាលើវិធានការគាំទ្រមួយចំនួនទៀតដូចជាការបង្កើនការផ្តល់សាច់ប្រាក់ដល់កសិករតូចតាច និងកម្ចីទិញផ្ទះដែលមានអត្រាការប្រាក់ទាបផងដែរ។ នេះបើយោងទីភ្នាក់ងារព័ត៌មាន Bloomberg៕