(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីកំពុងចាត់វិធានការជាច្រើនដើម្បីកែលម្អការផ្តល់ហិរញ្ញប្បទានសម្រាប់ការផ្លាស់ប្តូរពីថាមពលហ្វូស៊ីលឆ្ពោះទៅរកថាមពលបៃត រួមទាំងការបង្កើតច្បាប់ថ្មីសម្រាប់ស្ថាប័នហិរញ្ញវត្ថុដើម្បីគ្រប់គ្រងហានិភ័យទាក់ទងនឹងអាកាសធាតុរបស់ស្ថាប័នទាំងនោះ និងដើម្បីគាំទ្រដល់ការផ្លាស់ប្តូរប្រកបដោយសណ្តាប់ធ្នាប់។

លោក Ravi Menon អគ្គនាយកអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងនៅក្នុងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលអាកាសធាតុពិភពលោក COP28 នៅទីក្រុងឌូបៃកាលពីថ្ងៃអាទិត្យថា៖ «យើងមិនចង់ឱ្យស្ថាប័នហិរញ្ញវត្ថុចាកចេញពីសកម្មភាពដែលជំរុឱ្យមានឧស្ម័នកាបូនដោយគ្រាន់តែដើម្បីកាត់បន្ថយការបំភាយឧស្ម័នដែលត្រូវបានផ្តល់ហិរញ្ញប្បទានរបស់ពួកគេនោះទេ។ ផ្ទុយទៅវិញ យើងចង់ឱ្យពួកគេគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអន្តរកាលដែលកំពុងរីកចម្រើននៅក្នុងសេដ្ឋកិច្ច»

MAS ដែលជានិយតករហិរញ្ញវត្ថុរបស់សិង្ហបុរីក៏បានដាក់ចេញវិធានការចាត់ចំណាត់ថ្នាក់ថ្មីមួយកាលពីថ្ងៃអាទិត្យក្នុងគោលបំណងបង្កើនការផ្តល់ហិរញ្ញប្បទានដល់សកម្មភាពផ្លាស់ប្តូរទៅរកបៃតងដែលគាំទ្របរិស្ថាន ខណៈពេលដែលកាត់បន្ថយហានិភ័យនៃការយកសកម្មភាពបៃតងមកបាំងមុខ។

លោក Menon បានមានប្រសាសន៍ថា៖ «មានមូលធនឯកជនច្រើននៅក្នុងពិភពលោកចំនួនប្រហែល ៤៤០០ពាន់ពាន់លានដុល្លារស្ថិតនៅក្រោមការគ្រប់គ្រង ប៉ុន្តែតិចតួចណាស់នៃថវិកាទាំងនេះដែលនឹងហូរចូលទៅក្នុងកិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរឆ្ពោះទៅរកកាបូនសូន្យ»

ការប្រកាសនេះគឺជាផ្នែកមួយនៃវិធានការជាច្រើនដែលបានធ្វើឡើងនៅសិន្និសីទអាកាសធាតុ COP28 ដែលបានប្រមូលផ្តុំមន្ត្រីមកពីជុំវិញពិភពលោកដើម្បីពិភាក្សាអំពីការប្រែប្រួលអាកាសធាតុ។

សេចក្តីប្រកាសគួរឱ្យកត់សម្គាល់ផ្សេងៗនៅក្នុងសន្និសីទនេះរួមមានផែនការរបស់សហរដ្ឋអាមេរិកក្នុងការប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ចំនួន ៣ពាន់លានដុល្លារដល់មូលនិធិអង្គការសហប្រជាជាតិដែលមានបំណងជួយប្រទេសកំពុងអភិវឌ្ឍន៍ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងបម្រែបម្រួលអាកាសធាតុ និងការប្តេជ្ញារបស់សហភាពអឺរ៉ុបដែលថា ខ្លួននឹងវិនិយោគ ២,៥ពាន់លានដុល្លារក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកថាមពលស្អាតក្នុងរយៈពេល ២ឆ្នាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕