(ភ្នំពេញ)៖ លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចដ៏ល្បីឈ្មោះមួយរូប បានផ្ដល់យោបល់ឲ្យចាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យឧស្សាហកម្ម ផលិតកម្ម និងសិប្បកម្ម ដោយកុំផ្ដោតតែលើវិស័យអចលនទ្រព្យ ព្រោះថា វិស័យអចលនទ្រព្យ មិនមែនជាវិស័យស្នូលរបស់សេដ្ឋកិច្ចកម្ពុជាទេ។

ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយគ្នាបណ្ដាញព័ត៌មាន Fresh News លោកបណ្ឌិត គី សិរីវឌ្ឍន៍ បានបញ្ជាក់ថា «ខ្ញុំយល់ថាវិស័យអចលនទ្រព្យ មិនមែនជាវិស័យស្នូលរបស់សេដ្ឋកិច្ចកម្ពុជាទេ វិស័យអចលនទ្រព្យ គឺជាវិស័យពពុះសាប៊ូ ដូច្នេះហើយយើងគួរតែងាកមកមើលវិស័យឧស្សាហកម្ម ផលិតកម្ម និងសិប្បកម្មវិញ»

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានសម្លឹងឃើញថា វិស័យឧស្សាហកម្មសិប្បកម្ម និងផលិតកម្ម គឺមានសារៈសំខាន់ នៅក្នុងការបង្កើតមុខរបរ ជូនប្រជាពលរដ្ឋយ៉ាងច្រើន ដោយបានយកវត្ថុធាតុដើមមកច្នៃឲ្យចេញផលិតផលសម្រេច សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញផងដែរ។

លោកបណ្ឌិត គី សិរីវឌ្ឍន៍ បានអះអាងថា ការបង្កើតមុខរបរនេះ គឺឆ្លើយតបជាមួយនឹងយុទ្ធសាស្ត្រ ដែលរដ្ឋាភិបាលកំពុងធ្វើ គឺត្រូវបណ្ដុះបណ្ដាលកម្លាំងពលកម្មជំនាញ ១លាន៥សែននាក់ ដែលជាយុទ្ធសាស្ដ្រដ៏ល្អ គាំទ្រគ្នាទៅវិញទៅមក។

លោកបណ្ឌិតបានឲ្យដឹងថា កាលណាពលរដ្ឋមានជំនាញ មានចំណេះ មានការងារធ្វើ គាត់មានចំណូល ជាជាងលក់ដី កាលណាតែដីឡើងថ្លៃប្រជាពលរដ្ឋម្នាក់ៗគ្រប់រូប តែងតែមិនសូវចង់ទៅធ្វើអីផ្សេងទេ តែងតែមកវិនិយោគលើដីធ្លី។

លោកបណ្ឌិតបានលើកឡើងទៀតថា ការវិនិយោគលើដីធ្លី គឺយើងទាំងអស់គ្នា បានឃើញហើយថា តាំង២០១៩មក គឺបានរងគ្រោះរហូតធ្លាក់ ទៅក្នុងអន្ទាក់វិបត្ដិរហូតដល់បច្ចុប្បន្ននេះ គឺដោយសារតែការលូតលាស់លឿនពេក នៃវិស័យអចលនទ្រព្យ៕