(ភ្នំពេញ)៖ តម្លៃនៃការនាំចេញទំនិញរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីកម្ពុជា បានកើនឡើងខ្លាំង គួរឱ្យគត់សម្គាល់រយៈពេល ៨ឆ្នាំចុងក្រោយនេះ។
តម្លៃនៃការនាំចេញបានកើនឡើងទ្វេដង ក្នុងរយៈពេល៥ឆ្នាំ ពោលគឺពីតម្លៃ ៣១៦លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៦ ដល់ ៦៨៣លាន ដុល្លារអាមេរិកក្នុងឆ្នាំ២០២១។ ចំនួននេះបានកើនឡើងទ្វេដងម្ដងទៀត ក្នុងរយៈពេលត្រឹមតែមួយឆ្នាំបន្ទាប់ប៉ុណ្ណោះ គឺកើនដល់ទៅ ១,៣៤៦លានដុល្លារ ក្នុងឆ្នាំ២០២២។
សម្រាប់នៅឆ្នាំ២០២៣ តម្លៃនាំចេញបានកើនដល់កម្រិតខ្ពស់ នៅក្នុងប្រវត្តិសាស្ត្រនៃការកកើតតំបន់សេដ្ឋកិច្ចនេះជាមួយនឹងតួលេខ ១,៦២១លានដុល្លារ ដែលមានកំណើន២០ភាគរយបើធៀបនឹងឆ្នាំ២០២២។ នេះបើតាបសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ។
សេចក្តីប្រកាសព័ត៌មានរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានលើកឡើងថា «យើងខ្ញុំមានមោទនភាពបំផុត ដែលបានរួមចំណែកប្រហែល៧% ក្នុងតម្លៃនាំចេញសរុបទូទាំងប្រទេស ដែលមានចំនួនប្រមាណ ២៣,៤៧០លាន ដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា»។
ការកើនឡើងយ៉ាងខ្លាំងនេះ បានកើតឡើងបើទោះបីជាស្ថិតក្នុងស្ថានភាព COVID-19 ដ៏សែនអាក្រក់ក៏ដោយ នេះគឺ ដោយសារការពង្រីក និងការរីកចម្រើនជាលំដាប់ នៃផលិតកម្មរបស់អ្នកវិនិយោគទាំងអស់ ជាពិសេសនៅក្នុងវិស័យអគ្គិសនី និងអេឡិចត្រូនិច និងវិស័យគ្រឿងបង្គំរថយន្ត។
តម្លៃនៃការនាំចេញពីវិស័យអគ្គិសនី និងអេឡិចត្រូនិក បានកើនឡើង៧១% ពី ២៣៤លានដុល្លារ ក្នុងឆ្នាំ២០១៩ ដល់ ៣៩៩លាន ដុល្លារក្នុងឆ្នាំ២០២៣។ ហើយតួលេខពីវិស័យគ្រឿងបង្គំរថយន្តវិញបានកើនឡើងកាន់តែច្រើន គឺ១៥៦% ពីតម្លៃ ១១៣លាន ដុល្លារ ក្នុងឆ្នាំ២០១៩ ដល់២៨៩លានដុល្លារ ក្នុងឆ្នាំ ២០២៣។
ប្រភពដែលបន្ថែមទៀតថា «ក្នុងនាមជាអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស តួលេខខាងលើនេះផ្តល់ឱ្យយើងនូវថាមពលកាន់តែច្រើន ដើម្បីបន្តខិតខំប្រឹងប្រែងផ្តល់នូវ តំបន់សេដ្ឋកិច្ចពិសេសមួយដ៏ល្អបំផុត សម្រាប់អ្នកវិនិយោគកម្ពុជា និងអន្តរជាតិ សម្រាប់ការធ្វើឱ្យប្រសើរឡើង នៃអាជីវកម្មរបស់អ្នកវិនិយោគ ក៏ដូចជាសេដ្ឋកិច្ចរជាតិ និងការរួមចំណែកដល់ឧស្សាហូបនីយកម្មរបស់ប្រទេសផងដែរ»។
សូមជម្រាបថា តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ក្នុងគោលបំណងបង្កើត ទីតាំងឈានមុខគេ សម្រាប់អ្នកផលិតពីឧស្សាហកម្មផ្សេងៗ និងបង្កើតឱកាសការងារជាច្រើន សម្រាប់ប្រជាជនកម្ពុជា។
រយៈពេលជិត១៨ឆ្នាំបានកន្លងផុតទៅហើយ បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនេះ មានក្រុមហ៊ុនផលិតកម្មចំនួន៨៦ មកពី១៤ប្រទេស ផ្តល់ការងារដល់ប្រជាជនកម្ពុជាចំនួន ៤៣,៨០០នាក់ និងជនបរទេសចំនួន ៧២០នាក់ នៅក្នុងឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់របស់ប្រទេសកម្ពុជា។
ការអភិវឌ្ឍ និងការរីកចំរើនដ៏សំខាន់នេះ ក៏ត្រូវបានបង្ហាញឱ្យឃើញផងដែរ នៅក្នុងតម្លៃនៃការនាំចេញផលិតផលពីក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ៕