(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបង្ហាញពីការរីកលូតលាស់នៃការអភិវឌ្ឍប្រព័ន្ធទូទាត់ ដែលបានធ្វើឱ្យការទូទាត់កាន់តែងាយស្រួល សុវត្ថិភាព និងឆាប់រហ័ស ដោះស្រាយឧបសគ្គ ក្នុងការទូទាត់ឆ្លងគ្រឹះស្ថាន និងការយកថ្លៃសេវាខ្ពស់។

ធនាគារជាតិនៃកម្ពុជា បានសម្រេចបានជោគជ័យ នៃការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន។ សម្រាប់ឆ្នាំនេះ លោកស្រីបណ្ឌិត ជា សិរី រំពឹងថា កម្ពុជានឹងអាចសម្រេចបានការតភ្ជាប់ ការទូទាត់ឆ្លងដែនតាមប្រព័ន្ធ QR Code ជាមួយប្រទេសចិន និងប្រទេសឥណ្ឌា ថែមទៀត។

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆាំ្ន២០២៤ របស់ធនាគារជាតិនៃកម្ពុជា។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា «បច្ចុប្បន្នកម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន ហើយក្នុងឆ្នាំនេះយើងនឹងអាចតភ្ជាប់ជាមួយប្រទេសឥណ្ឌា និងចិន ជាមួយនឹងផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់។ ការតភ្ជាប់នេះនឹងបើកលទ្ធភាពឱ្យប្រជាជនកម្ពុជា អាចទូទាត់តាមប្រព័ន្ធឃ្យូអរកូត (QR Code) ចេញពីគណនីប្រាក់រៀលរបស់ខ្លួន នៅតាមបណ្តាហាងទំនិញរាប់លានកន្លែង ហើយក៏ផ្ដល់លទ្ធភាពឱ្យប្រជាជននៅក្នុងប្រទេស និងបណ្តាញដែលកម្ពុជាបានភ្ជាប់ប្រព័ន្ធទូទាត់ជាមួយ អាចទូទាត់នៅកម្ពុជាបានដោយងាយស្រួល»

ប្រសិទ្ធភាពនៃប្រព័ន្ធទូទាត់ បានរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញការដោះដូរ ទំនិញ និងសេវា បរិយាបន្នហិរញ្ញវត្ថុ និងការលើកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដែលគាំទ្រដល់គោលដៅអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល របស់រាជរដ្ឋាភិបាល។

លោកស្រីបានបន្ដថា ការតភ្ជាប់ប្រព័ន្ធទូទាត់កម្ពុជា ជាមួយប្រទេសផ្សេងទៀតនៅក្នុងតំបន់ ក៏ត្រូវបានពង្រឹង និងពង្រីក ដែលបានចូលរួមលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគទេសចរណ៍ និងការបង្វែរប្រាក់ពីក្រៅប្រទេស៕