(ភ្នំពេញ)៖ គិតត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២៤ តម្លៃប្រេងសាំងធម្មតាជាមធ្យម និងថ្លៃប្រេងម៉ាស៊ូតជាមធ្យមថយចុះ២.១% និង៦.៦% រៀងគ្នា បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់និន្នាការសេដ្ឋកិច្ច-សង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

តាមរបាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា នៅលើទីផ្សារកម្ពុជាថ្លៃប្រេងឥន្ធនៈជាមធ្យម (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ កើនឡើង ៣.៦% ធៀបនឹងខែមុន ក្នុងនោះប្រេងសាំងធម្មតាថ្លៃ ៤៣៣៣រៀលក្នុងមួយលីត្រខ្ពស់ជាងខែមុន ៤ភាគរយ និងប្រេងម៉ាស៊ូតថ្លៃ ៤២៦៧ រៀលក្នុងមួយលីត្រ ខ្ពស់ជាងខែមុន៣.២ភាគរយ។

ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា «ការកើនឡើងថ្លៃប្រេងឥន្ធនៈ ក្នុងស្រុកនៅខែកុម្ភៈ ឆ្នាំ២០២៤ ជាបច្ច័យនៃការកើនឡើងថ្លៃប្រេងឆៅ លើទីផ្សារអន្តរជាតិ យ៉ាងណាក្តីកំណើនថ្លៃប្រេងឥន្ធនៈ នាពេលបច្ចុប្បន្នហាក់នៅល្អប្រសើរនៅឡើយ ដោយមិនទាន់ឡើងខ្ពស់ ដល់កម្រិតគួរឱ្យបារម្ភនោះទេ។ ជាលទ្ធផលក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ ថ្ងៃប្រេងសាំងធម្មតាជាមធ្យម និងថ្លៃប្រេងម៉ាស៊ូតជាមធ្យម ថយចុះ ២,១% និង ៦,៦% រៀងគ្នា ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣»។

ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ថ្ងៃប្រេងឆៅគិតជាមធ្យមនៅលើ ទីផ្សារអន្តរជាតិស្ថិតក្នុងរង្វង់៨០,៦ដុល្លារ បារ៉ែល
កើនឡើង ៣,៧% ធៀបនឹងខែមុន ក្នុងនោះ ប្រេងឆៅប្រភេទ Brent ថ្លៃ ៨៣,៨ ដុល្លារ/ បារ៉ែល ខ្ពស់ជាងខែមុន៤.៤%
និងប្រេងឆៅប្រភេទ WTIថ្លៃ ៧៦,៧ ដុល្លារក្នុងមួយបារ៉ែល ខ្ពស់ជាងខែមុន ៣.៨ភាគរយ។

ក្នុងឆ្នាំ២០២៤ ថ្លៃប្រេងឆៅអន្តរជាតិមាននិន្នាការកើនឡើង រយៈពេល២ខែជាប់គ្នាហើយ ដែលការណ៍នេះអាចបណ្ដាលមក ពីបញ្ហាលើការផ្គត់ផ្គង់ប្រេងឆៅសកលរួមមាន៖

១៖ ការកាត់បន្ថយការផ្គត់ផ្គង់ប្រេងឆៅរបស់ OPEC។
២៖ ការបន្តការវាយប្រហារនៅតំបន់សមុទ្រក្រហម។
៣៖ ភាពតានតឹងនៃស្ថានភាពសង្គ្រាមនៅមជ្ឈិមបូព៌។
៤៖ ការផ្ទុះរោងចក្រចំរាញ់ប្រេងមួយ កន្លែងនៅខេត្ត Brainsk ប្រទេសរុស្ស៊ី ដោយសារការវាយប្រហារពីប្រទេសអ៊ុយក្រែន។

ទោះបីជាមានកំណើនក្តី ប៉ុន្តែថ្លៃប្រេងឆៅជាមធ្យម ក្នុងរយៈពេល២ខែដើម ឆ្នាំ២០២៤ ស្ថិតក្នុងរង្វង់៧៩.១ដុល្លារ បារ៉ែល ដូចការព្យាកររបស់ IMF កាលពីខែមករា ឆ្នាំ២០២៤ ដែលស្ថិតក្នុងកម្រិតល្អប្រសើរនៅឡើយ។ ជាលទ្ធផលក្នុងរយៈពេល ២ខែដើមឆ្នាំ២០២៤,
ថ្លៃប្រេងឆៅជាមធ្យមថយចុះ១.៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។

សូមជម្រាបថា ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,១៥០រៀល ក្នុង១លីត្រ៕