(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកអ្នកស្រី Janet Yellen បានឱ្យដឹងនៅថ្ងៃពុធថា លោកស្រីមានបំណងរំឭកប្រទេសចិនអំពីផលប៉ះពាល់អវិជ្ជមាននៃការឧបត្ថម្ភធនរបស់ទីក្រុងប៉េកាំងសម្រាប់ឧស្សាហកម្មថាមពលស្អាតរបស់ខ្លួន រួមទាំងបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យនិងរថយន្តអគ្គិសនី (EVs) ផងដែរក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសនេះ។

អ្នកស្រី Yellen ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រក្នុងអំឡុងផ្តល់បទសម្ភាសមួយថា៖ «ខ្ញុំមានបំណងនិយាយជាមួយចិននៅពេលខ្ញុំធ្វើដំណើរទស្សនកិច្ចដើម្បីពិនិត្យមើលភាពលើសសមត្ថភាពនៅក្នុងឧស្សាហកម្មមួយចំនួន ហើយត្រូវប្រាកដថា ពួកគេយល់ពីផលប៉ះពាល់ដែលមិនចង់បានដែលភាពលើសសមត្ថភាពនោះកំពុងបង្កឡើង (ទំនិញតម្លៃថោកជន់លិចទីផ្សារ) ទៅលើសហរដ្ឋអាមេរិក និងនៅក្នុងប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតជាច្រើនរបស់យើងផងដែរ»

អ្នកស្រី Yellen ស្ថិតនៅក្នុងរដ្ឋ Georgia ក្នុងដំណើរទស្សនកិច្ចទៅកាន់រោងចក្រផលិតបន្ទះថាមពលពន្លឺព្រះអាទិត្យ Suniva ដែលបានបិទនៅឆ្នាំ២០១៧ ដោយសារការប្រកួតប្រជែងពីផលិតផលបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យតម្លៃថោក និងទទួលបានឧបត្ថម្ភធនពីប្រទេសចិន ប៉ុន្តែឥឡូវនេះកំពុងបើកដំណើរការឡើងវិញក្រោយមានការរំពឹងថានឹងកើតមានតម្រូវការឡើងវិញដោយសារឥណទានពន្ធសម្រាប់បច្ចេកវិទ្យាថាមពលស្អាតផលិតនៅសហរដ្ឋអាមេរិកស្ថិតក្រោមច្បាប់កាត់បន្ថយអតិផរណាឆ្នាំ២០២២។

យោងតាមភ្នាក់ងារព័ត៌មានរ៉យទ័រ អ្នកស្រីបានថ្លែងសុន្ទរកថានៅរោងចក្រនោះថា អ្នកស្រីមានគម្រោងលើកឡើងពីការព្រួយបារម្ភថា ប្រទេសចិនឥឡូវនេះកំពុងផលិតរថយន្តអគ្គិសនី និងអាគុយលីចូម-អ៊ីយ៉ុងលើសកម្រិតដូចគ្នាដែលប្រទេសនេះបង្កើនសមត្ថភាពខ្លាំងពេកក្នុងការផលិតដែកនិងអាលុយមីញ៉ូមច្រើនពេកដែលធ្វើឱ្យខូចទីផ្សារពិភពលោក និងធ្វើឱ្យប៉ះពាល់ដល់ការងារនៅក្នុងប្រទេសឧស្សាហកម្ម និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត។

កាសែត Politico បានរាយការណ៍ថា អ្នកស្រី Yellen នឹងធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងខែមេសា ឆ្នាំនេះ។ ក្រសួងរតនាគារអាមេរិកបានបដិសេធមិនបញ្ជាក់ពីផែនការធ្វើដំណើររបស់អ្នកស្រី។

អ្នកស្រី Yellen បានមានប្រសាស៍ថា៖ «ខ្ញុំនឹងលើកឡើងជំនឿរបស់ខ្ញុំថា សមត្ថភាពលើសបង្កើតឱ្យមានហានិភ័យមិនត្រឹមតែចំពោះកម្មករនិងក្រុមហ៊ុនអាមេរិកព្រមទាំងដល់សេដ្ឋកិច្ចពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់ផលិតភាពនិងកំណើននៅក្នុងសេដ្ឋកិច្ចចិនផងដែរ ដូចដែលប្រទេសចិនខ្លួនឯងបានទទួលស្គាល់នៅក្នុងសភាប្រជាជនចិនរបស់ខ្លួនក្នុងខែនេះដូច្នេះដែរ»។ អ្នកស្រីបានបន្ថែមថា៖ «ហើយខ្ញុំនឹងជំរុញសមភាគីចិនរបស់ខ្ញុំឱ្យចាត់វិធានការចាំបាច់នានាដើម្បីដោះស្រាយបញ្ហានេះ»