(បាងកក)៖ ធនាគារពិភពលោក (WB) បានកាត់បន្ថយការព្យាកររបស់ខ្លួនសម្រាប់កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃក្នុងឆ្នាំ២០២៤ មកត្រឹម ២,៨% ដោយលើកឡើងពីការធ្លាក់ចុះពាណិជ្ជកម្មសកល និងការពន្យារពេលក្នុងការបញ្ចេញថវិកាសារពើពន្ធ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

ការព្យាករថ្មីសម្រាប់ឆ្នាំ២០២៤នេះត្រូវបានទម្លាក់ពីអត្រា ៣,២% ដែលបានព្យាករកន្លងមក។ ធនាគារពិភពលោកក៏បានទម្លាក់ការព្យាករសម្រាប់ឆ្នាំ២០២៥ ផងដែរពីអត្រា ៣,១% មកនៅត្រឹម ៣%។

ការទម្លាក់ការព្យាករនេះសម្រាប់ឆ្នាំ២០២៤ នេះគឺដោយសារតែឥទ្ធិពលនៃកត្តាខាងក្រៅនិងខាងក្នុង។ លោក Kiatipong Ariyapruchya សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំប្រទេសថៃបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ការធ្លាក់ចុះពាណិជ្ជកម្មពិភពលោកត្រូវបានរំពឹងថានឹងប៉ះពាល់ដល់កំណើននាំចេញរបស់ប្រទេសនេះ ខណៈដែលការពន្យារពេលអនុម័តកញ្ចប់ថវិកាសារពើពន្ធឆ្នាំ២០២៤ ទំនងជាប៉ះពាល់ដល់ការចំណាយរបស់រដ្ឋាភិបាល។

យោងតាមរបាយការណ៍បច្ចុប្បន្នភាពស្តីពីការវិនិច្ឆ័យស្ថានភាពប្រទេសជាលក្ខណៈប្រព័ន្ធ (SCD) របស់ធនាគារពិភពលោកសម្រាប់ប្រទេសថៃ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះត្រូវការការអភិវឌ្ឍក្នុងវិស័យស្នូលចំនួន៥។ វិស័យទាំងនេះរួមមានការកសាងធនធានមនុស្សរឹងមាំ ការបង្កើតសេដ្ឋកិច្ចដែលមានការប្រកួតប្រជែងនិងច្នៃប្រឌិត ការជំរុញសក្តានុពលកំណើនសេដ្ឋកិច្ចនៅក្នុងទីក្រុងបន្ទាប់បន្សំ ការធានាឱ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងធន់នឹងអាកាសធាតុ ព្រមទាំងការពង្រឹងស្ថាប័នសារពើពន្ធនិងហិរញ្ញវត្ថុសាធារណៈ។

លោក Fabrizio Zarcone អ្នកគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសថៃបានសង្កត់ធ្ងន់លើសក្តានុពលនៃគម្រោងកាបូបឌីជីថលរបស់រដ្ឋាភិបាលថៃក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសចំនួនមួយភាគរយ។

ទោះជាយ៉ាងណា លោកបានក្រើនរំលឹកថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់អាចបង្កហានិភ័យធ្លាក់ចុះចំពោះគោលនយោបាយសារពើពន្ធ ដែលអាចបង្កើនអនុបាតបំណុលសាធារណៈធៀបនឹង GDP របស់ប្រទេសថៃចំនួនជាង ២ភាគរយ៕