(ភ្នំពេញ)៖ លោកស្រី ងៃ សុមាលា នាយិកាទីផ្សាររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះថា ដំណើរការដោះដូរភាគទុនិក របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ទៅឱ្យធនាគារ SinoPac របស់កោះតៃវ៉ាន់ កំពុងស្ថិតដំណាក់កាលរង់ចាំអនុម័តជាផ្លូវការ ពីអាជ្ញាធររបស់ស្ថាប័នទាំងពីរ។
លោកស្រីបន្ថែមថា ការលក់ភាគហ៊ុនរបស់អម្រឹតឱ្យធនាគារ SinoPac នឹងនាំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះ មានការរីកចម្រើនថ្មីៗបន្ថែមទៀត ហើយថា អម្រឹត នៅបន្តប្រតិបត្តិការបម្រើអតិថិជន តាមធម្មតា។ លោកស្រីមិនអាចអត្ថាធិប្បាយអ្វីលើសពីនេះនោះទេ។
តាមរយៈការផ្ញើសារតាមអ៉ឺម៉ែល លោកស្រី ងៃ សុមាលា បានបញ្ជាក់ដូច្នេះថា «ការដោះដូរភាគទុនិកនេះ ត្រូវរង់ចាំការអនុម័តជាផ្លូវការ ពីអាជ្ញាធរអាណាព្យាបាលពាក់ព័ន្ធនានា របស់ស្ថាប័នទាំងពីរ។ អម្រឹត មិនអាចបរិយាយអ្វីឲ្យលើសពីសេចក្តីប្រកាសព័ត៌មានជាសាធារណៈ របស់ ធនាគារ SinoPac ឬការផ្សព្វផ្សាយរបស់សារព័ត៌មាននានាទេ។ អម្រឹតនៅបន្តប្រតិបត្តិការបម្រើអតិថិជនតាមធម្មតា។ ប្រសិនបើការដោះដូរភាគទុនិកនេះ ត្រូវបានសម្រេចជាផ្លូវការ ការផ្លាស់ប្តូរនេះនឹងនាំអម្រឹតមានការរីកចម្រើនថ្មីៗបន្ថែមទៀត។
សូមជម្រាបថា ក្រុមហ៊ុនតៃវ៉ាន់ SinoPac Holdings និងធនាគារ Bank SinoPac ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន បានប្រកាសទិញយកភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត ១០០ភាគរយ។
ការទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជានេះ នឹងធ្វើឡើងជា ៣ដំណាក់កាល ដោយដំណាក់កាលទីមួយនឹងទិញយក ៨០ភាគរយក្នុងតម្លៃប្រហែល ៤៣៥លានដុល្លារអាមេរិក ខណៈដែលដំណាក់កាលទី២ និងទី៣ នឹងទិញយក ១០ភាគរយដូចគ្នា នៅដំណាច់ឆ្នាំទី១ និងឆ្នាំទី២។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយក្រុមហ៊ុន SinoPac Holdings កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ការទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត ធ្វើឡើងទៅតាមយុទ្ធសាស្រ្តរបស់ខ្លួន ដោយយុទ្ធសាស្រ្តមួយ ក្នុងចំណោមយុទ្ធស្រ្តចម្បងទាំង៤ របស់ក្រុមហ៊ុន គឺដើម្បី «បង្កើនប្រាក់ចំណូលនៅបរទេស និងពង្រីកវត្តមានអន្តរជាតិរបស់យើង»។
ក្រុមហ៊ុន SinoPac Holdings បានឱ្យដឹងថា «សេដ្ឋកិច្ចកម្ពុជាជាសេដ្ឋកិច្ច ដែលមានកំណើតខ្ពស់បំផុតមួយនៅតំបន់អាស៊ី ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា នៅចន្លោះពីឆ្នាំ២០២៣-២០២៨ នឹងមានកំណើនជាមធ្យមចំនួន ៦,៣ភាគរយក្នុងមួយឆ្នាំ។ កម្ពុជាក៏ជាប្រទេស ដែលមានប្រជាសាស្រ្តដ៏ទាក់ទាញបំផុតមួយផងដែរនៅអាស៊ី ដែលនឹងជួយគាំទ្រដល់កំណើនរយៈពេលវែង»។
ទោះជាយ៉ាងណា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់មួយនេះ បានឱ្យដឹងថា ការទិញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត ដែលទទួលបានការអនុម័តពីក្រុមប្រឹក្សាភិបាលរបស់ខ្លួនរួចហើយនោះ ត្រូវឆ្លងកាត់ដំណាក់កាល និងលក្ខខណ្ឌនានារួមមានទាំងការអនុម័ តស្របតាមបទប្បញ្ញត្តិដែលពាក់ព័ន្ធផ្សេងៗផងដែរ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាគ្រឹស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើធំបំផុតរបស់កម្ពុជា បើគិតលើទ្រព្យសកម្មសរុប។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ គ្រឹះស្ថានអម្រិតមានសាខាប្រតិបត្តិការចំនួន ១៥០ ក្នុង ២៤ខេត្តក្រុងនៅទូទាំងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មសរុបចំនួន ២ពាន់លានដុល្លារអាមេរិក។
សេចក្តីប្រកាសព័ត៌មានដដែលនេះ បានឱ្យដឹងថា ធនាគារ Bank SinoPac ដែលជាកំពុងផ្តល់ឥណទានស្រាប់ ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិតតាំងពីឆ្នាំ២០១៧ មកនោះ នឹងមានលទ្ធភាពពង្រីកបណ្តាញសេវាកម្ម នៅបរទេសរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការទិញលក់នេះ ហើយធនធាន និងជំនាញរបស់ក្រុមហ៊ុនរួមផ្សំនឹងផលិតផល ដែលមានស្រាប់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត នឹងជួយឱ្យអម្រិតផ្តល់សេវាហិរញ្ញវត្ថុកាន់តែមានភាពសម្បូរបែប និងមានភាពងាយស្រួល៕