(ភ្នំពេញ)៖ រយៈពេល៤ខែ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ១២៥លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា «ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែមេសា ឆ្នាំ២០២៤ មានចំនួន១២៥ ១៥៦ ៨៣៦ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន៦១៧ ១១៤ដុល្លារ»។

បើតាមរបាយការណ៍, គិតត្រឹមខែមេសា ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៥៣២ដុល្លារ ក្នុង១តោន កើនឡើងចំនួន២ដុល្លារ ក្នុង១តោន ស្មើនឹង១.១៣% ធៀបនឹងខែមុន និងបានកើនឡើងចំនួន៩៤ដុល្លារ ក្នុងមួយតោន ស្មើនឹង៧% ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែមេសា ឆ្នាំ២០២៤ មានតម្លៃ១២៦ដុល្លារ ក្នុងមួយម៉ែត្រគីប។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ លោក ឃុន កក្កដា អគ្គនាយកស្ដីទី នៃអគ្គនាយកដ្ឋានកៅស៊ូ បានឲ្យដឹងថា ស្ថានភាពកៅស៊ូកម្ពុជា បើនិយាយអំពីតម្លៃគឺល្អ ហើយការប្រមូលផល ចាប់ផ្ដើមពីខែឧសភា ឆ្នាំ២០២៤នេះ បានចាប់ផ្ដើមចូលជៀរជ័រកៅស៊ូឡើងវិញហើយ។

លោក ឃុន កក្កដា បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថានភាពមកដល់ពេលនេះ វាល្អជាងបណ្ដាលឆ្នាំកន្លងទៅ ព្រោះដោយសារ តម្លៃអាចទទួលយកបាន ទោះបីមិនទាន់ដល់កម្រិតមួយ ដូចពីមុន ប៉ុន្ដែតម្លៃចាប់ពី ១,៧០០ដុល្លារ ដល់២,០០០ដុល្លារ ក្នុងមួយតោន ឲ្យតែថេរ គឺល្អ ហើយសង្ឃឹមថាតម្លៃថេរ និងកុំចុះតម្លៃ»។

លោក ឃុន កក្កដា បានឲ្យដឹងអំពីនិន្នាការថ្មី គឺការប្រើប្រាស់ក្នុងស្រុក ដោយសារមានវត្ដមានរោងចក្រកងឡានចំនួន៣ ដែលក្នុងនោះ រោងចក្រចំនួន២ កំពុងតែប្រមូលទិញជ័រកៅស៊ូ និងរោងចក្រកងឡានមួយទៀត កំពុងរៀបចំសាងសង់ ដើម្បីដាក់ឲ្យដំណើរការ។

សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៩% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១%។

ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន ៥៣៧.៩លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២៕