(បរទេស)៖ ក្រុមហ៊ុនផ្តល់សេវាតាក់ស៊ី Uber របស់អាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសទិញយកក្រុមហ៊ុនដឹកជញ្ជូនអាហារ foodpanda នៅកោះតៃវ៉ាន់ និងទិញភាគហ៊ុនថ្មី ក្នុងក្រុមហ៊ុន Delivery Hero របស់អាល្លឺម៉ង់ ក្នុងតម្លៃ ១,២៥ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
លោក Niklas Ostberg នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Delivery Hero ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន foodpanda ត្រូវបានដកស្រង់សម្ដី ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានរួមមួយថា៖ «យើងត្រូវផ្តោតលើធនធានរបស់យើង លើផ្នែកផ្សេងទៀតនៃទីផ្សារសកលរបស់យើង ជាទីដែលយើងយល់ឃើញថា យើងអាចមានឥទ្ធិពលធំបំផុត សម្រាប់អតិថិជន អ្នកលក់ និងអ្នកដឹកជញ្ជូន»។
ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Uber នឹងកាន់កាប់ក្រុមហ៊ុន foodpanda នៅកោះតៃវ៉ាន់ក្នុងតម្លៃ ៩០០ លានដុល្លារជាសាច់ប្រាក់ និងទិញភាគហ៊ុនថ្មីតម្លៃ ៣០០លានដុល្លារនៅក្នុងក្រុមហ៊ុន Delivery Hero ក្នុងតម្លៃ ៣៣អឺរ៉ូក្នុងមួយហ៊ុន បុព្វលាភ ៣០ភាគរយ។
ក្រុមហ៊ុនទាំងពីរមានគោលបំណង បញ្ចប់ប្រតិបត្តិការទិះញលក់នេះ នៅឆមាសទីមួយឆ្នាំ២០២៥។ ក្រុមហ៊ុនទាំងពីរបានឱ្យដឹងទៀតថា បន្ទាប់ពីបិទបញ្ចប់កិច្ចព្រមព្រៀងនេះ អ្នកប្រើប្រាស់នៅកោះតៃវ៉ាន់របស់ក្រុមហ៊ុន foodpanda ពាណិជ្ជករ និងដៃគូដឹកជញ្ជូនអាហារនឹងត្រូវប្តូរ ស្ថិតនៅក្រោមក្រុមហ៊ុន Uber Eats។
កិច្ចព្រមព្រៀងនេះ កើតឡើងប៉ុន្មានខែបន្ទាប់ពីក្រុមហ៊ុន Delivery Hero បានឱ្យដឹងថា កិច្ចពិភាក្សានានាទាក់ទងនឹងការលក់ក្រុមហ៊ុន foodpanda របស់ខ្លួននៅក្នុងទីផ្សារមួយចំនួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានលុបចោល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕