(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក អ្នកស្រី Gina Raimondo បាននិយាយនៅថ្ងៃពុធថា ក្រសួង របស់អ្នកស្រីគ្រោងចេញសំណើច្បាប់ សំដៅយានយន្តដែលមានសមត្ថភាពភ្ជាប់អ៊ីនធឺណិតរបស់ចិន នៅរដូវស្លឹកឈើជ្រុះក្នុងឆ្នាំនេះ ដោយលើកឡើងពីហានិភ័យសន្តិសុខជាតិ ចំពោះទិន្នន័យរបស់ពលរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កាលពីសប្តាហ៍មុន អ្នកស្រី Raimondo បាននិយាយថា សហរដ្ឋអាមេរិកអាចចាត់វិធានការតឹងរ៉ឹង និងហាមឃាត់យានយន្ត ដែលមានសមត្ថភាពភ្ជាប់អ៊ីនធឺណិតរបស់ប្រទេសចិន ឬដាក់ការរឹតបន្តឹងលើយានយន្តទាំងនោះ បន្ទាប់ពីរដ្ឋាភិបាលរបស់លោកប្រធានាធីបតីអាមេរិក ចូ បៃឌិន កាលពីខែកុម្ភៈបានបើកការស៊ើបអង្កេតថា តើការនាំចូលរថយន្តរបស់ចិន បង្កហានិភ័យសន្តិសុខជាតិដែរឬយ៉ាងណា។

រថយន្តដែលភ្ជាប់អ៊ីនធឺណិត មានបំពាក់បណ្តាញផ្នែករឹងរួមបញ្ចូលគ្នា (integrated network hardware) ដែលផ្តល់លទ្ធភាពឱ្យភ្ជាប់អ៊ីនធឺណិត ប្រើប្រាស់បានដែលអនុញ្ញាតឱ្យរថយន្តទាំងនោះ ចែករំលែកទិន្នន័យជាមួយឧបករណ៍បំពាក់ទាំងនៅក្នុង និងក្រៅរថយន្ត។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ អ្នកស្រី Raimondo បានប្រាប់គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃពុធថា៖ «ហានិភ័យសន្តិសុខជាតិពិតជាសំខាន់ណាស់... យើងបានសម្រេចចិត្តចាត់វិធានការ ព្រោះនេះពិតជារឿងធ្ងន់ធ្ងរណាស់»

អ្នកស្រី Raimondo បានបន្ថែមថា រថយន្តដែលមានសមត្ថភាពភ្ជាប់អ៊ីនធឺណិត «មានឧបករណ៍ចាប់សញ្ញា (សិនស័រ) រាប់ពាន់ បន្ទះឈីបរាប់ពាន់។ រថយន្តទាំងនោះត្រូវបានគ្រប់គ្រងដោយផ្នែកទន់ (សុហ្វវែរ) ដែលមកពីទីក្រុងប៉េកាំងក្នុងករណីរថយន្តដែលផលិតនៅប្រទេសចិន។ ពួកគេដឹងពីទីកន្លែងដែលអ្នកបើកបរត្រូវទៅ ដឹងពីគំរូការបើកបរ ដឹងពីអ្វីដែលអ្នកកំពុងនិយាយនៅក្នុងឡានរបស់អ្នក។ វាជាទិន្នន័យរបស់ពលរដ្ឋអាមេរិក ដែលបញ្ជូនទៅទីក្រុងប៉េកាំង»

ក្រសួងការបរទេសចិនកន្លងមកបានជំរុញឱ្យសហរដ្ឋអាមេរិក «គោរពច្បាប់សេដ្ឋកិច្ចទីផ្សារនិងគោលការណ៍នៃការប្រកួតប្រជែងដោយស្មើភាព»។ ក្រសួងបានអះអាងថា រថយន្តចិនមានប្រជាប្រិយភាពទូទាំងពិភពលោក មិនមែនដោយសារតែ «ការអនុវត្តមិនស្មើភាព» នោះទេ ប៉ុន្តែដោយសារតែរថយន្តទាំងនោះប្រជែងឈ្នះលើទីផ្សារនិងមានភាពច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕