(ប៉េកាំង)៖ ប្រទេសចិន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការអះអាងរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប អំពីសមត្ថភាពផលិតលើសចំណុះរបស់ចិន គឺជា «កិច្ចគាំពារពាណិជ្ជកម្មច្បាស់ក្រឡែត» ចំពោះពាណិជ្ជកម្មរបស់ពួកគេ និងថា កិច្ចប្រឹងប្រែងរារាំងការនាំចេញផលិតផលថាមពលថ្មី ពីប្រទេសចិននឹងប៉ះពាល់ដល់កិច្ចប្រឹងប្រែងពិភពលោក ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការអះអាងកាន់តែខ្លាំងឡើង អំពីសមត្ថភាពផលិតកម្មឧស្សាហកម្ម លើសចំណុះរបស់ប្រទេសចិន ដែលកំពុងជន់លិចសហភាពអឺរ៉ុបជាមួយនឹងផលិតផលតម្លៃថោក កំពុងបង្កឱ្យមានមុខព្រួញថ្មីមួយ នៃសង្គ្រាមពាណិជ្ជកម្មរបស់លោកខាងលិច ជាមួយទីក្រុងប៉េកាំង ដែលបានចាប់ផ្តើមជាមួយនឹងការដកហូតពន្ធគយ លើទំនិញនាំចូលពីចិន ដោយទីក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំ២០១៨។
លោក He Yadong អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈនិយាយថា៖ «ប្រទេសមួយមិនអាចត្រូវបានកំណត់ថា មានសមត្ថភាពផលិតលើស ដោយគ្រាន់តែប្រទេសនោះ មានសមត្ថភាពផលិតច្រើនជាងតម្រូវការនោះទេ»។ លោកបានមានប្រសាសន៍ថា៖ «ផលិតកម្មនិងការប្រើប្រាស់ មានលក្ខណៈជាសកល ហើយការផ្គត់ផ្គង់និងតម្រូវការចាំបាច់ត្រូវតែស៊ីគ្នា និងត្រូវកែតម្រូវទៅតាមចក្ខុវិស័យសកល»។
កាលពីថ្ងៃអង្គារ រដ្ឋាភិបាលរបស់លោក ចូ បៃឌិន បានដាក់ចេញវិធានការដំឡើងពន្ធគយ លើការទំនិញនាំចេញពីចិនទៅអាមេរិកក្នុងតម្លៃ ១៨ពាន់លានដុល្លារអាមេរិក រួមទាំងការដំឡើងពន្ធបួនដង លើរថយន្តថាមពលថ្មីរបស់ចិនផងដែរ។
ដោយប្រៀបធៀបភាពលេចធ្លោរ បស់ប្រទេសចិនក្នុងបច្ចេកវិទ្យាបៃតងទៅលើក្រុមហ៊ុន Boeing និងក្រុមហ៊ុន Airbus នៅក្នុងទីផ្សារអាកាសចរណ៍ពិភពលោក លោក He បានថ្លែងថា៖ «តម្រូវការផលិតផលថាមពលថ្មីនឹងបន្តកើនឡើង នៅក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកថាមពលបៃតងជាសាកល»។ លោកបានអះអាងថា ការលក់រថយន្តថាមពលថ្មីនៅទូទាំងសកលចាំបាច់ត្រូវកើនឡើង ប្រសិនបើសហគមន៍អន្តរជាតិ ចង់សម្រេចបានអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៣០។
លោកបានបន្ថែមថា៖ «ប្រទេសដែលពាក់ព័ន្ធមានការព្រួយបារម្ភអំពីភាពប្រកួតប្រជែង និងចំណែកទីផ្សាររបស់ពួកគេ»។ លោកបន្តថា៖ «សមត្ថភាពលើសមិនមែនជាផលិតផលទេ វាគឺជាក្តីបារម្ភ»៕