(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបិទការនាំចូលកប្បាស ពីក្រុមហ៊ុនចិនចំនួន ២៦ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការលុបបំបាត់ទំនិញដែលផលិតដោយពលកម្មដោយបង្ខំ ទៅលើជនជាតិភាគតិចអ៊ុយហ្គួរ ចេញពីខ្សែច្រវាក់ផ្គត់ផ្គង់ របស់សហរដ្ឋអាមេរិក។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ក្រុមហ៊ុនទាំងនេះ គឺជាក្រុមហ៊ុនចុងក្រោយបំផុត ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីការហាមឃាត់ការនាំចូល នៃច្បាប់ស្តីពីបញ្ជីក្រុមហ៊ុនបង្ការពលកម្មដោយបង្ខំ លើជនជាតិអ៊ុយហ្គួរ (Ugyhur) ដែលរឹតបន្តឹងការនាំចូលទំនិញទាក់ទង ទៅនឹងអ្វីដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានកំណត់ថាជាការប្រល័យពូជសាសន៍ដែលកំពុងបន្ត ទៅលើជនជាតិភាគតិច នៅក្នុងតំបន់ស៊ីនជាំងរបស់ប្រទេសចិន។
ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមហ៊ុនផលិតកប្បាសទាំងនេះ មានមូលដ្ឋាននៅក្រៅតំបន់ស៊ីនជាំង ប៉ុន្តែប្រភពកប្បាសរបស់ពួកគេ បានមកពីតំបន់ស៊ីនជាំង។
ក្រសួងសន្តិសុខមាតុភូមិបានសរសេរថា៖ «ការដាក់ពួកគេទៅក្នុងបញ្ជីហាមឃាត់នេះ នឹងបង្កើនតម្លាភាព និងធានាថា ក្រុមហ៊ុនដែលទទួលខុសត្រូវអាចធ្វើការពិនិត្យមើល ដោយម៉ត់ចត់ទៅលើខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេ ដើម្បីធានាថា ពួកគេមិនរួមបញ្ចូលទំនិញ ដែលផលិតដោយកម្លាំងពលកម្មដោយបង្ខំ»។
បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ មន្ត្រីអាមេរិកជឿថា អាជ្ញាធរចិនបានបង្កើតជំរុំការងារសម្រាប់ជនជាតិអ៊ុយហ្គួរ និងក្រុមជនជាតិភាគតិចមូស្លីមផ្សេងទៀត នៅក្នុងតំបន់ស៊ីនជាំងស្ថិតនៅភាគខាងលិចរបស់ប្រទេសចិន។ តែទីក្រុងប៉េកាំងបដិសេធរាល់ការចោទប្រកាន់ ពីការរំលោភបំពានណាមួយ។
យោងតាមក្រសួងសន្តិសុខមាតុភូមិអាមេរិក រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានរឹតបន្តឹងការនាំចូលពីក្រុមហ៊ុនចំនួន៦៥ គិតចាប់តាំងពីច្បាប់ស្តីពីបញ្ជីក្រុមហ៊ុនបង្ការពលកម្មដោយបង្ខំ លើជនជាតិអ៊ុយហ្គួរត្រូវបានអនុម័តក្នុងឆ្នាំ២០២១៕