(ហ្សាការតា)៖ ប្រធាននិយតករថាមពល SKK Migas របស់ឥណ្ឌូណេស៊ីបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ឥណ្ឌូណេស៊ីរំពឹងថា ការវិនិយោគលើវិស័យប្រេង និងឧស្ម័នរបស់ខ្លួននឹងកើនឡើង ២៩ភាគរយនៅឆ្នាំ២០២៤ ខណៈដែលប្រទេសកំពុងបង្កើនការខួង និងរុករកថាមពល បន្ទាប់ពីការចាកចេញថ្មីៗនេះ ពីសំណាក់ក្រុមហ៊ុនលំដាប់ពិភពលោក Shell និង Chevron។
ការជំរុញភ្លាមៗក្នុងការវិនិយោគប្រេងនិងឧស្ម័ននេះ គឺជាកត្តាសំខាន់សម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលសម្បូរធនធានមួយនេះ ដែលកំពុងព្យាយាមបង្កើនទិន្នផលប្រេងវិញ ក្នុងគ្រាដែលមានការកើនឡើងបញ្ហាប្រឈមផ្នែកហិរញ្ញប្បទាន សម្រាប់គម្រោងឥន្ធនៈផូស៊ីល។
លោក Dwi Soetjipto ប្រធាននិយតករប្រេង និងឧស្ម័ន SKK Migas បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅខាងក្រៅសន្និសីទថាមពលអាស៊ីនៅល្ងាចថ្ងៃពុធថា ក្នុងចំណោមការវិនិយោគដែលបានគ្រោងទុកនៅឆ្នាំនេះ ៤០ភាគរយនឹងបានមកពីក្រុមហ៊ុនបរទេស រួមមានក្រុមហ៊ុន Eni ក្រុមហ៊ុន Exxon Mobil និងក្រុមហ៊ុន BP។
លោក Soetjipto បានថ្លែងថា ការវិនិយោគទាំងនេះក៏នឹងត្រូវបានប្រើប្រាស់ ដើម្បីជំរុញការរុករក និងការខួងយកថាមពលផងដែរ។ កំណើនដែលរំពឹងទុកក្នុងឆ្នាំ២០២៤ ក្នុងការវិនិយោគប្រេងនិងឧស្ម័ន ដែលនឹងមានកើនដល់ចំនួន ១៧ ពាន់លានដុល្លារ គឺជាការកើនឡើងជាងទ្វេដងធៀបនឹងកំណើន ១៣ភាគរយដែលបានមើលឃើញនៅឆ្នាំ២០២៣។
លោកបានមានប្រសាសន៍ថា៖ «យើងនឹងបង្កើនការខួងយកថាមពលធៀបនឹងឆ្នាំមុន នៅពេលដែលយើងខួងបាន ៧៩០អណ្តូង។ នៅឆ្នាំនេះ យើងកំពុងរៀបចំផែនការខួងប្រហែល ៩៣០អណ្តូង»។ លោកបានបន្ថែមថា ការចំណាយលើការរុករកនឹងកើនឡើងដល់ ១,៤ពាន់លានដុល្លារពី ០,៩ពាន់លានដុល្លារកាលពីឆ្នាំមុន៕