(គូឡាឡាំពួរ)៖ ទិន្នន័យរបស់រដ្ឋាភិបាល និងធនាគារកណ្តាលម៉ាឡេស៊ី បានបង្ហាញនៅថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី បានកើនឡើង ៤,២% នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលខ្ពស់ជាងការរំពឹងទុករបស់ទីផ្សារ ដោយសារការកើនឡើងការចំណាយគ្រួសារ និងការនាំចេញខ្ពស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
សេដ្ឋវិទូដែលបានស្ទង់មតិ ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័របានព្យាករថា កំណើនផលិតផលក្នុងស្រុកសរុបរបស់ម៉ាឡេស៊ី នឹងកើនឡើងចំនួន ៣,៩% ក្នុងរយៈពេលពីខែមករាដល់ខែមីនានៅឆ្នាំនេះ ដែលត្រូវគ្នានឹងការប៉ាន់ស្មាន របស់នាយកដ្ឋានស្ថិតិម៉ាឡេស៊ី។ កំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសចុងក្រោយ នៃឆ្នាំ២០២៣ ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២ ត្រូវបានកែសម្រួលទម្លាក់ចុះបន្តិចមកនៅត្រឹម ២,៩%។
ធនាគារកណ្តាលម៉ាឡេស៊ី Negara Malaysia (BNM) និងនាយកដ្ឋានស្ថិតិរបស់រដ្ឋាភិបាល បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយថា ការនាំចេញបានកើនឡើង ២,២% នៃអត្រាប្រចាំឆ្នាំនៅក្នុងត្រីមាសទី១ ឆ្នាំនេះ បន្ទាប់ពីធ្លាក់ចុះ ៣ត្រីមាសជាប់គ្នា។
ទេសាភិបាលធនាគារកណ្តាលលោក Abdul Rasheed Ghaffour បាននិយាយថា៖ «នៅពេលខាងមុខ ការនាំចេញត្រូវបានរំពឹងថានឹងមានភាពប្រសើរឡើងសម្រាប់ឆ្នាំនេះ ហើយត្រូវបានគាំទ្រដោយតម្រូវការ និងការនាំចេញប្រកបដោយនិរន្តរភាពពីដៃគូពាណិជ្ជកម្មនានា»។ លោកបានបន្ថែមថា សូចនាករខាងក្រៅនិងក្នុងស្រុកបានបង្ហាញថា សេដ្ឋកិច្ចនឹងបន្តកើនឡើងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
បើធៀបនឹងមូលដ្ឋានត្រីមាសវិញ សេដ្ឋកិច្ចម៉ាឡេស៊ីបានកើនឡើងត្រឹមតែ ១,៤% ប៉ុណ្ណោះបើធៀបនឹងការធ្លាក់ចុះ ១% នៅក្នុងត្រីមាសទី ៤នៃឆ្នាំមុន។ អតិរេកគណនីចរន្តរបស់ម៉ាឡេស៊ីបានកើនឡើងដល់ ១៦,២ពាន់លានរីងហ្គីត (៣,៤៦ពាន់លានដុល្លារ) នៅក្នុងត្រីមាសទីមួយបន្ទាប់ពីធ្លាក់ចុះយ៉ាងខ្លាំងដល់ ៩០០លានរីងហ្គីតក្នុងរយៈពេលបីខែមុន។ នេះបើយោងតាមរ៉យទ័រ៕