(វៀងចន្ទន៍)៖ ដោយទទួលបានការអនុញ្ញាតពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំទ្វេភាគីលើកទី២ និងសិក្ខាសាលាចែករំលែកបទពិសោធន៍ជាមួយគណៈកម្មការមូលបត្រឡាវ (LSCO) ដែលដឹកនាំដោយលោកស្រី Fongchinda Sengsourivong អគ្គលេខាធិការនៃ LSCO ដែលបានរៀបចំឡើងនៅស្រុកវ៉ាងវៀង ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងនិយ័តករទាំងពីរ ដោយបានផ្លាស់ប្តូរព័ត៌មាន អំពីស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍទីផ្សារមូលបត្រ និងទស្សនវិស័យ និងបានពិភាក្សាអំពីផែនការកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០២៤។
ជាមួយគ្នានេះ ន.ម.ក. បានចូលរួមចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងការលើកកម្ពស់ការអប់រំក្នុងវិស័យមូលបត្រ, ការបង្កើតភ្នាក់ងារវាយតម្លៃលទ្ធភាពសងនៅកម្ពុជា, ការពង្រីក និងការគ្រប់គ្រងវិនិយោគិនក្នុងស្រុក និងបរទេស និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងទណ្ឌកម្មផ្នែករដ្ឋបាល។
លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា «ដោយកិច្ចសហប្រតិបត្តិការរវាងនិយ័តករទាំងពីរមានភាពជិតស្និទ្ធ យើងបង្កើតឡើងដោយស្មារតីបើកចំហ ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម និងចាប់យកឱកាស ខ្ញុំជឿជាក់ថា តាមរយៈទំនាក់ទំនងទ្វេភាគី កិច្ចខិតខំប្រឹងប្រែងរួមរបស់យើងនឹងត្រួសត្រាយផ្លូវឈានទៅរកការវិវត្តដ៏សំខាន់ និងអនាគតដ៏ប្រសើរសម្រាប់និយ័តករទាំងពីរ»។
លោកស្រី Fongchinda Sengsourivong បានគូសបញ្ជាក់ថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលសង្កេតឃើញថា ចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ ដែលបានចែករំលែករវាងនិយ័តករទាំងពីរ បានពង្រឹង និងផ្ដល់ឱ្យអ្នកចូលរួមនូវព័ត៌មាន ដែលអាចអនុវត្តក្នុងការអភិវឌ្ឍទីផ្សារមូលបត្ររបស់យើង។ ខ្ញុំជឿជាក់ថា ទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងនិយ័តករទាំងពីរ នឹងអភិវឌ្ឍ និងរីកចម្រើនបន្ថែមទៀត ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ក៏ដូចជាការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងអន្តរជាតិ»។
កិច្ចប្រជុំ និងសិក្ខាសាលាខាងលើនេះ មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីនៃនាយកដ្ឋានពាក់ព័ន្ធនៃនិយ័តករទាំងពីរ និងបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់ ក្នុងស្មារតីបេជ្ញាបន្តរឹតចំណងមិត្តភាពក្នុងការជួយគ្នាទៅវិញទៅមក ដើម្បីបម្រើជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ក្នុងនាមជាប្រទេសជិតខាង ដៃគូសហការទ្វេភាគី និងក្នុងតំបន់។ ទន្ទឹមនឹងនេះ ន.ម.ក. នឹងទទួលរៀបចំកិច្ចប្រជុំទ្វេភាគីលើកទី៣ រវាង ន.ម.ក. និង LSCO នៅក្នុងឆ្នាំ ២០២៥ ផងដែរ៕