(ភ្នំពេញ)៖ ការប្រមូលព័ត៌មាន ការស្រាវជ្រាវ និងការវិភាគទីផ្សារពិតជាសំខាន់ណាស់ ដើម្បីដឹងពីតម្រូវការទីផ្សារ ដៃគូប្រកួតប្រជែង ក៏ដូចជាអតិថិជនគោលដៅជានរណា ដែលជាកត្តាមួយ ក្នុងការជំរុញអាជីវកម្មមួយឱ្យដំណើរការបានល្អ និងអាចទទួលបានជោគជ័យ។
ដើម្បីឱ្យការវិភាគទីផ្សារបានត្រឹមត្រូវ ឈានទៅដល់ការធ្វើសេចក្តីសម្រេចចិត្ត ទាមទារឱ្យម្ចាស់អាជីវកម្ម ត្រូវមានប្រមូលទិន្នន័យព័ត៌មានឱ្យបានច្បាស់លាស់។
ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមហ៊ុន HERITAGE Group បានលើកឡើងថា ដើម្បីឱ្យអាជីវកម្មមួយដំណើរការបានល្អ ម្ចាស់អាជីវកម្មត្រូវមានភាពឆ្លាតវៃ ក្នុងការប្រមូលព័ត៌។ ម្ចាស់ត្រូវប្រមូលព័ត៌មានតាំងពីតម្រូវការទីផ្សារ បុគ្គលណាដែលមានសិទ្ធិ ក្នុងការសម្រេចចិត្ត ក៏ដូចវិធីដែលគេធ្វើ នោះវានឹងជួយយើងធ្វើការសម្រេចចិត្តបានល្អ។
លោកបានឱ្យដឹងផងដែរថា ការប្រមូលព័ត៌មាន មាន២ ស្រទាប់ ទី១.គឺហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវិស័យណាមមួយ ដែលចង់ធ្វើអាជីវកម្ម និងទី២. ត្រូវក្តាប់ឱ្យបាននូវការប្រកួតប្រជែងខាងក្រៅ (ការប្រកួតប្រជែងខាងក្រៅនេះ អាចសំដៅលើទីផ្សារក្រៅប្រទេស និងដៃគូប្រកួតប្រជែងក្នុងស្រុក)។
លោកបានពន្យល់បន្ថែមថា «ការប្រកួតប្រជែងខាងក្រៅមិនមែនសំដៅតែនៅក្រៅប្រទេសនោះទេ អ៊ីចឹងការប្រកួតប្រជែងខាងក្រៅនេះ បើសិនជាអ្នកណាគាត់រកស៊ីនៅទីផ្សារក្នុងស្រុក គាត់ត្រូវមើលទៅលើដៃគូរកស៊ីរបស់គាត់ នៅក្នុងទីផ្សារក្នុងស្រុក។ សម្រាប់ក្រុមហ៊ុនខ្ញុំនេះ ផ្តោតខ្លាំងទៅលើអំពីលទ្ធភាព អំពីទិដ្ឋភាពនៃការប្រកួតប្រជែងសម្រាប់ដៃគូ ប្រកួតប្រជែងនៅក្រៅស្រុក។ អ៊ីចឹងយើងត្រូវប្រមូលព័ត៌មានតាំងពីតម្រូវការ ថាមូលហេតុអ្វីបានជាគេធ្វើបាន មូលហេតុអីបានយើងធ្វើមិនបាន ហើយថាតើតម្រូវការទីផ្សារវានៅកន្លែងណាខ្លះ ហើយបុគ្គលណាដែលអាចសម្រេចចិត្ត ទៅតាមច្រកណា តាមរបៀបណា វាជួយឱ្យយើងអាចសម្រេចចិត្តបានល្អ»។
ជាទូទៅការស្រាវជ្រាវទីផ្សារ គឺជាជំនួយដល់ការសម្រេចចិត្តអ្វីមួយ សម្រាប់អាជីវកម្ម ដូចជាក្នុងការកំណត់ប៉ាន់ស្មានថាផលិតផលមួយ ពេលដែលដាក់ដំណើរការទៅ តើវាអាចនឹងជោគជ័យឬអត់ មុននឹងគេសម្រេចថាចំណាយពេល និងថវិកាដើម្បីផលិតវា។ ហើយការស្រាវជ្រាវទីផ្សារ គឺជាចំណែកដ៏សំខាន់មួយ នៅពេលដែលគេបង្កើតយុទ្ធសាស្ត្រទីផ្សារ ដោយសារវាជួយឲ្យគេយល់ពីអ្វី ដែលអតិថិជនគោលដៅចង់បាន ក៏ដូចជាធ្វើទីផ្សារឲ្យឆ្លើយតបទៅនឹងតម្រូវការផងដែរ។ ការស្រាវជ្រាវទីផ្សារ មិនមែនធ្វើម្តងក៏ឈប់នោះទេ វាគួរតែជាសកម្មភាពដែលអាជីវកម្មធ្វើជាប្រចាំ ដោយសារសង្គម បរិយាកាស តម្រូវការ និង ចំណង់របស់អតិថិជនតែងប្រែប្រួលជានិច្ច៕