(បាងកក)៖ ក្រុមប្រឹក្សាវិនិយោគ (BoI) ថៃបានឱ្យដឹងថា រថយន្តអគ្គិសនី (EVs) កាន់តែច្រើនដែលលក់ក្នុងប្រទេសថៃនឹងត្រូវបានផលិតក្នុងស្រុកនៅឆ្នាំនេះ ដោយសារក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនគ្រោងនឹងផលិតរថយន្តទាំងនះនៅក្នុងប្រទេសចាប់ពីត្រីមាសទី៣ ដោយស្វែងរកការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដើម្បីគាំទ្រដល់ការផលិតរបស់ពួកគេ។
លោក Narit Therdsteerasukdi អគ្គលេខាធិការក្រុមប្រឹក្សា BoI ត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ថា៖ «ក្រុមហ៊ុន BYD និងក្រុមហ៊ុន GAC Aion នឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីនៅក្នុងត្រីមាសទី៣ និងទី៤ ខណៈដែលក្រុមហ៊ុន Changan Automobile នឹងចាប់ផ្តើមដំឡើងរថយន្តអគ្គិសនីក្នុងស្រុកនៅដើមឆ្នាំក្រោយ»។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ក្រុមហ៊ុន BYD គ្រោងផលិតរថយន្តអគ្គិសនីចំនួន ១៥០ ០០០គ្រឿងក្នុងមួយឆ្នាំ ខណៈពេលដែលក្រុមហ៊ុន GAC Aion មានបំណងផលិតរថយន្តអគ្គិសនីចំនួន ៥ម៉ឺណគ្រឿងក្នុងមួយឆ្នាំក្នុងដំណាក់កាលដំបូង។
ក្រុមហ៊ុន Changan Automobile បានប្រកាសថា ខ្លួននឹងផលិតរថយន្តអគ្គិសនីចំនួន ១សែនគ្រឿងក្នុងមួយឆ្នាំ ហើយជាបឋមផលិតរថយន្តប្រភេទ SUV ដែលដំណើរការដោយថាមពលអាគុយពី ៣ម៉ឺនទៅ ៥ម៉ឺនគ្រឿង។
លោក Narit បាននិយាយថា ក្រុមហ៊ុន Great Wall Motor (GWM) ក្រុមហ៊ុន Neta និងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងប្រទេសថៃនិងប្រទេសចិន SAIC Motor-CP ដែលជាក្រុមហ៊ុនផលិតរថយន្ត MG បានចាប់ផ្តើមផលិតរថយន្តអគ្គិសនីនៅក្នុងរោងចក្រនៅប្រទេសថៃរបស់ពួកគេរួចហើយ។
លោកបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា៖ «យើងរំពឹងថា ចំនួនក្រុមហ៊ុនផលិតរថយន្តអគ្គិនសីនឹងកើនឡើង ដែលរួមចំណែកដល់ការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់រថយន្តអគ្គិសនីសម្រាប់គ្រឿងបន្លាស់រថយន្តនៅក្នុងទីផ្សារក្នុងស្រុក។ ការណ៍នេះនឹងធ្វើឱ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលផលិតកម្មអគ្គិនីក្នុងតំបន់»។
ការថ្លែងរបស់លោក Narit ធ្វើឡើងនៅឯកម្មវិធីស្តីពី «BoI Symposium: EV Supply Chain Edition» រយៈពេលបីថ្ងៃដែលបានបញ្ចប់កាលពីថ្ងៃសុក្រ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំៗរបស់ប្រទេសចិនផងដែរ៕