(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញរបាយការណ៍ ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣ ដោយក្នុងនោះ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន៦% ជាមួយនឹងកម្រិតអតិផរណា ក្នុងរង្វង់២ភាគរយ ក្នុងឆ្នាំ២០២៤។
ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងកម្មវិធីបើកសិក្ខាសាលាស្ដីពី «របាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣» រៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា នេះជារបាយការណ៍ប្រចាំឆ្នាំលើកទី៦ ដែលធនាគារជាតិនៃកម្ពុជា បានចេញផ្សាយ ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹង ពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងផ្ដល់ជាទស្សនវិស័យចំពោះស្ថិរភាពហិរញ្ញវត្ថុ។
លោកស្រីបណ្ឌិតបន្ដថា «សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងមានកំណើន៦% នៅឆ្នាំ២០២៤ ជាមួយនឹងកម្រិតអតិផរណាក្នុងរង្វង់២% កំណើនសេដ្ឋកិច្ចត្រូវបានគាំទ្រជាចម្បងដោយ ការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេរ ការបន្តងើបឡើងនៃវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធ និងកំណើនរឹងមាំនៃវិស័យដឹកជញ្ជូន និងទូរគមនាគមន៍ ខណៈដែលវិស័យកសិកម្មអាចបន្តកើនឡើងយឺត»។
លោកស្រីបណ្ឌិតបន្ថែមថា លើសពីនេះការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTAs) ត្រូវបានរំពឹងថា នឹងរួមចំណែកទាក់ទាញលំហូរវិនិយោគ និងការនាំចេញទៅក្នុងតំបន់បន្ថែមទៀត ដែលនឹងជួយជំរុញផលិតភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។
លោកស្រីបណ្ឌិត ជា សិរី បានបន្ដថា «ទោះយ៉ាងណាសេដ្ឋកិច្ចកម្ពុជា ក៏ប្រឈមនឹងហានិភ័យមួយចំនួនដូចជា ភាពតានតឹង និងការបែងចែកផ្នែកភូមិសាស្ត្រនយោបាយ ការអូសបន្លាយនៃការ រឹតបន្តឹងស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ កំណើនយឺតជាងការរំពឹងទុក នៃសេដ្ឋកិច្ចចិន ការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃហានិភ័យសាយប័រជាដើម។ ហានិភ័យទាំងអស់នេះ អាចបណ្ដាលឱ្យសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោកថយចុះ ដែលនឹងអាចប៉ះពាល់ផងដែរដល់ការនាំចេញ ការវិនិយោគ និងលំហូរមូលធនមកកម្ពុជា»។
លោកស្រីបានបន្ថែមថា ក្នុងស្ថានភាពនេះ ប្រព័ន្ធធនាគារកម្ពុជាក៏ប្រឈម នឹងហានិភ័យផងដែរដូចជា ហានិភ័យឥណទាននិងទីផ្សារជាដើម។ ប្រឈមនឹងហានិភ័យទាំងនេះ ធនាគារជាតិនៃកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានានូវភាពរឹងមាំ នៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ហើយនឹងដាក់ចេញវិធានការគាំទ្រ តាមការចាំបាច់សំដៅគាំទ្រកំណើនសេដ្ឋកិច្ច និងរក្សាស្ថេរភាពហិរញ្ញវត្ថុជាតិ៕