(សិង្ហបុរី)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា ការស្ទុះងើបឡើងវិញផ្នែកផលិតកម្ម ទេសចរណ៍ និងសេវាកម្មនឹងបង្កើតសន្ទុះសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីឱ្យកើនឡើង ២,១% នៅឆ្នាំ២០២៤ ខណៈដែលកាលពីឆ្នាំមុនកើនឡើងតែ ១,១% ប៉ុណ្ណោះ។
កាសែត VN Express របស់វៀតណាមបានរាយការណ៍ថា ក្រុមការងាររបស់មូលនិធិ IMF ដែលដឹកនាំដោយលោក Masahiro Nozaki បានព្យាករថា អតិផរណារួម និងអតិផរណាស្នូល (headline and core inflation) របស់រដ្ឋទីក្រុងនេះនឹងមានកម្រិតមធ្យមទៅ ៣% នៅឆ្នាំនេះ ដោយអតិផរណាស្នូលរំពឹងថាមានអត្រាថេរប្រហែល ២% នៅឆ្នាំ២០២៥។
យោងតាមលោក Nozaki អតិផរណានៅក្នុងប្រទេសសិង្ហបុរីនឹងបន្តកើតមានដោយសារតែភាពមិនប្រាកដប្រជានៃថាមពលពិភពលោកនិងតម្លៃម្ហូបអាហារ ក៏ដូចជាការកើនឡើងតម្លៃពលកម្ម។ លោកបានអំពាវនាវឱ្យប្រទេសសិង្ហបុរីរក្សាគោលនយោបាយរូបិយវត្ថុតឹងតែងរហូតដល់សម្ពាធអតិផរណាធូរស្រាល ហើយត្រូវកែសម្រួលគោលនយោបាយនេះឱ្យបានទាន់ពេលវេលាដើម្បីរក្សាស្ថិរភាពថ្លៃនៅពេលដែលមានសញ្ញាច្បាស់លាស់បង្ហាញពីការធ្លាក់ចុះអតិផរណា។
អ្នកជំនាញរូបនេះក៏បានកត់សម្គាល់ផងដែរថា កម្មវិធីគាំទ្រសេដ្ឋកិច្ចដែលរដ្ឋាភិបាលសិង្ហបុរីកំពុងផ្តល់សម្រាប់គ្រួសារ និងក្រុមហ៊ុនដែលងាយរងគ្រោះមានភាពសមរម្យ ហើយនឹងបំពេញបន្ថែមដល់គោលជំហរគោលនយោបាយរូបិយវត្ថុដ៏តឹងរ៉ឹងនេះ។
បើយោងតាមកាសែត VN Express ក្រុមការងាររបស់មូលនិធី IMF ជឿជាក់ថា ជាមួយនឹងហិរញ្ញវត្ថុសាធារណៈដ៏រឹងមាំនិងច្បាប់ថវិកាដែលមានតុល្យភាព សិង្ហបុរីអាចដោះស្រាយហានិភ័យនាពេលអនាគត និងតម្រូវការចំណាយរយៈពេលវែងនិងមធ្យម ដែលកើតឡើងពីប្រជាជនវ័យចំណាស់ តម្រូវការផលិតភាពខ្ពស់ ព្រមទាំងហានិភ័យនៃការប្រែប្រួលអាកាសធាតុ៕