(ឌែនប៉ាសា)៖ រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលការវិនិយោគឥណ្ឌូណេស៊ីលោក Luhut Binsar Pandjaitan បានឱ្យដឹងថា លោក Elon Musk នឹងពិចារណាសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូណេស៊ីបន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះ បានជួបជាមួយប្រធានាធិបតី Joko Widodo នៅថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក Musk និងលោកប្រធានាធបតី Widodo បានជួបគ្នានៅកោះបាលីនៃប្រទេសឥណ្ឌូនេស៊ីបន្ទាប់ពីអ្នកទាំងពីរបានចូលរួមក្នុងវេទិកាទឹកពិភពលោកនៅថ្ងៃចន្ទ។
លោក Luhut បានប្រាប់អ្នកយកព័ត៌មានថា៖ «យើងបានផ្តល់សំណើថាតើវាអាចទៅរួចទេក្នុងការសាងសង់រោងចក្រអាគុយរថយន្តអគ្គិសនីនៅទីនេះ។ ហើយគាត់នឹងពិចារណាអំពីសំណើនេះ»។
លោក Luhut បាននិយាយថា លោក Widodo ក៏បានស្នើឱ្យលោក Musk ពិចារណាវិនិយោគលើមជ្ឈមណ្ឌល AI នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ និងឱ្យក្រុមហ៊ុន SpaceX សាងសង់កន្លែងបាញ់បង្ហោះយាន្តអាវកាសនៅកោះ Biak ក្នុងខេត្តប៉ាពួ ប្រទេសឥណ្ឌូនេស៊ី ពោលគឺជាការផ្តល់ជូនដែលរដ្ឋាភិបាលឥណ្ឌណេស៊ីបានធ្វើពីមុនមក។
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានព្យាយាមអស់ជាច្រើនឆ្នាំមកហើយក្នុងការទាក់ទាញក្រុមហ៊ុន Tesla ឱ្យបង្កើតរោងចក្រផលិតកម្មទាក់ទងនឹងរថយន្តអគ្គិសនី ខណៈដែលរដ្ឋាភិបាលចង់អភិវឌ្ឍវិស័យរថយន្តអគ្គិសនីរបស់ខ្លួនដោយប្រើធនធាននីកែលដ៏សម្បូរបែបរបស់ប្រទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕