(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងផលិតករកម្ពុជា អញ្ជើញចូលរួមពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន លើក ទី៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។
ក្រសួងបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំមួយ របស់ប្រទេសចិន និងជាវេទិកាធុរកិច្ចដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិជាអន្តរជាតិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងការទូត រវាងបណ្តាប្រទេសចូលរួមទាំងអស់ក្នុងពិភពលោក ជាមួយប្រទេសចិន។
ដើម្បីចាប់យកឱកាសដ៏អស្ចារ្យនេះ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញបណ្តាធុរជន សហគ្រិន វិនិយោគិន និងផលិតករកម្ពុជា ដែលមានបំណងស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ និង/ឬមានបំណងតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយពាណិជ្ជករចិន និងអន្តរជាតិ សូមរៀបចំដាក់ពាក្យចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មខាងលើ ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ជាកំណត់។ ក្នុងការចូលរួមនេះ ក្រសួងនឹងមានរៀបចំពន្លាជាតិមួយ ស្តង់ពាណិជ្ជកម្ម និងរៀបចំកម្មវិធីអមមួយចំនួន។
ទន្ទឹមនេះ ក្រសួងសូមផ្តល់អាទិភាពខ្ពស់ដល់ធុរកិច្ច ក្នុងវិស័យកែច្នៃកសិផលដូចជាអង្ករ ស្វាយចន្ទី ម្រេចនិងគ្រឿងទេសជាដើម ម្ហូបអាហារកែច្នៃ គម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស វិស័យដឹកជញ្ជូននិងភស្តុភាកម្ម និងវិស័យ ពាក់ព័ន្ធផ្សេងៗទៀតដែលទើបបង្កើតថ្មី៕