(ភ្នំពេញ)៖ កំពង់ផែក្រុងព្រះសីហនុ និងសហព័ន្ធស្រូវអង្ករកម្ពុជា បាននិងកំពុងសិក្សាមធ្យោបាយនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការដឹករាយដោយមិនប្រើប្រាស់សំបកកុងតឺន័រ ទៀតនោះឡើយ។
វិធីសាស្ត្រនេះ ត្រូវបានអ្នកជំនាញយល់ថា ដើម្បីពង្រីកសក្តានុពលនៃការនាំចេញអង្ករកម្ពុជា ព្រោះការមធ្យោបាយដឹកជញ្ជូនអង្ករថ្មីនេះ ជួយឱ្យដឹកបានច្រើន និងមានតម្លៃទាប។
ការសិក្សាពីលទ្ធភាពប្រើមធ្យោបាយដឹករាយនេះ បានធ្វើឡើងក្នុងអំឡុងពេលថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ចូលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាពេលថ្មីៗនេះ។
លោក លូ គឹមឈន់ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះថា ការនាំចេញអង្ករកម្ពុជា ដោយមិនប្រើប្រាស់សំបកកុងតឺន័រ ឬដឹករាយ គឺធ្វើឡើងតាមរយៈការដឹកដាក់ប៉ាវនៅក្នុងកប៉ាល់ ដោយមិនចាំបាច់ដាក់ក្នុងកុងតឺន័រ។ ការដឹកជញ្ជូនតាមរយៈមធ្យោបាយនេះ នឹងធ្វើឱ្យការដឹកជញ្ជូនកាន់តែមានតម្លៃទាប ជាងការដឹកដាក់ក្នុងកុងតឺន័រ និងដឹកបានច្រើន ពោល គឺការដឹកតាមរយៈនេះ អាចដឹកបានចាប់ពី ៥ពាន់តោនទៅ ២ម៉ឺនតោន។ តែយ៉ាងនេះក្តីការដឹករាយនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់គុណភាពអង្ករផងដែរ។
លោកលើកឡើងថា បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងធ្វើការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ពីទិសដៅទីផ្សារប្រទេសណា ដែលអាចដឹករាយបាន។
លោកថា «សំខាន់ខាងសហព័ន្ធស្រូវអង្ករ ឱ្យគាត់មានទីផ្សារបស់គាត់ច្បាស់លាស់ថា បើយើងមានមធ្យោបាយដឹករាយ បើគាត់អត់ដឹករាយក៏វាមានការខាតបង់។ អ៊ីចឹងត្រូវមានការសហការគ្នារវាងកំពង់ផែ និងខាងសមាគមស្រូវអង្ករ។ បើសួរថាពេលណា យើងមិនទាន់ដឹងច្បាស់ទេ សំខាន់ឱ្យដឹងទីផ្សារសិន បើតាមឮព័ត៌មានខាងហ្វីលីពីន បង់ក្លាដេស ឥណ្ឌូនេស៊ី គាត់ចង់បានដឹកជារាយដែរ»។
ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះថា សហព័ន្ធស្រូវអង្ករកំពុងសម្លឹងមើលទីផ្សារប្រទេសមួយចំនួន ដូចជា មជ្ឈឹមបូព៌ា ចិន និងទីផ្សារអាស៊ីអាគ្នេយ៍ ក្នុងការប្រើប្រាស់មធ្យោបាយដឹករាយនេះ។
លោកថា មធ្យោបាយដឹករាយនេះ គឺជាជម្រើសបន្ថែមមួយទៀត លើជម្រើសដឹកតាមកុងតឺន័រ ដោយសារកន្លងមកការនាំចេញអង្ករដោយប្រើប្រាស់កុងតឺន័រ ពេលខ្លះត្រូវជួបឧបសគ្គ ព្រោះតែគ្មានសំបកទូរកុងតឺន័រ ជាពិសេសការដឹកជញ្ជូនទៅកាន់ទីផ្សារជិតៗ ដូចជានៅប្រទេសឥណ្ឌូនេស៊ី ហ្វីលីពិន ម៉ាឡេស៊ីជាដើម។ ហេតុដូច្នេះហើយ ការដឹករាយទៅទីផ្សារទាំងនេះ គឺជាជម្រើសមួយដែលល្អ និងចំណេញថវិកាច្រើន។
លោកលើកឡើងថា នៅពេលដែលកម្ពុជា ចាប់ផ្តើមនាំចេញទំនិញក្នុងទំហំច្រើន ទៅកាន់ទីផ្សារមួយចំនួន ជាពិសេសទីផ្សារអាស៊ីអាគ្នេយ៍ ទីផ្សារមជ្ឈឹមបូព៌ា ការប្រើប្រាស់មធ្យោបាយដឹករាយនេះ គឺជាជម្រើសល្អ ព្រោះទីផ្សារធំៗ តែងតែប្រើប្រាស់មធ្យោបាយដឹករាយជាគោល។
លោកពន្យល់ថា «យើងត្រូវមានជម្រើសទាំងអស់ ទាំងជម្រើសប្រើកុងតឺន័រ និងជម្រើសដឹករាយ ព្រោះយើងដឹករាយ យើងអាចដាក់ ៦ពាន់តោន ១ម៉ឺនតោន ២ម៉ឺនតោន ឬ១ម៉ឺន៥ពាន់តោនតែម្តង។ ហើយយើងឃើញថាថ្មីៗនេះ នៅទីផ្សារឥណ្ឌនេស៊ី ក៏ដូចជាទីផ្សារហ្វីលីពីន គាត់ត្រូវការដឹករាយជាប្រចាំតែម្តង។ យើងត្រូវការមធ្យោបាយដឹករាយនេះ ព្រោះមធ្យោបាយដឹករាយនេះ វាមានភាពងាយស្រួល ទៅដល់ប្រទេសជាអ្នកទិញ ដែលគាត់អាចឡើងឥវ៉ាន់មានភាពងាយស្រួលជាង ហើយលឿនជាង ហើយយើងក៏ឃើញថាថ្លៃលើកទំនិញឡើង នៅខាងគេក៏ធូរថ្លៃជាងដែរ ហេតុនេះហើយយើងត្រូវសិក្សាផ្តល់ជាជម្រើស ទៅដល់អតិថិជន ដើម្បីយើងអាចបត់បែនតាមសភាពការណ៍បាន»។
សូមជម្រាបថា អង្ករកម្ពុជាជាង ៩៥% ដែលនាំចេញបានប្រើប្រាស់កំពង់ផែក្រុងព្រះសីហនុ។ កំពង់ផែនេះ កំពុងពិនិត្យលទ្ធភាព បំពាក់នូវដងស្ទូចបន្ថែម និងផ្តល់ទីតាំងឃ្លាំងដែលអនុញ្ញាតឱ្យប្រមូលផ្តុំអង្ករមុនកប៉ាល់មកដល់ ដែលអាចផ្តល់លទ្ធភាពឱ្យកម្ពុជានាំចេញអង្កររាយ ចាប់ពី៦០០០តោន ដល់ ២០០០០តោនក្នុងមួយកប៉ាល នាពេលដ៏ខ្លីខាងមុខ៕