(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានសហការជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដោយមានការគាំទ្រពីក្រសួងហិរញ្ញវត្ថុនៃរដ្ឋាភិបាលនៃប្រទេស Luxembourg រៀបចំសិក្ខាសាលាស្តីពី «ទីផ្សារឧបករណ៍និស្សន្ទ» ក្រោមអធិបតីភាពរបស់លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក.។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជាពុទ្ធិពាក់ព័ន្ធនឹងទីផ្សារឧបករណ៍និស្សន្ទរួមមាន៖ ប្រភេទនៃឧបករណ៍និស្សន្ទ និងការគ្រប់គ្រងហានិភ័យនៅក្នុងទីផ្សារឧបករណ៍និស្សន្ទ, ការកំណត់ថ្លៃ និងការវាយតម្លៃឧបករណ៍និស្សន្ទ, ឧបករណ៍និស្សន្ទ និងនវានុវត្តន៍ហិរញ្ញវត្ថុ និងទីផ្សារហិរញ្ញវត្ថុសាកល។
ថ្លែងនៅក្នុងកម្មវិធីនេះ លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា «ន.ម.ក. ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍនិងគ្រប់គ្រងទីផ្សារឧបករណ៍និស្សន្ទ ដោយធានាឱ្យបាននូវសុចរិតភាព, តម្លាភាព, ស្ថិរភាព និងយុត្តិធម៌ តាមរយៈ៖ ១. ត្រួតពិនិត្យទីផ្សារ, ២. អភិវឌ្ឍ និងអនុវត្តច្បាប់ និងបទប្បញ្ញត្តិ, ៣. ពង្រឹងតម្លាភាពក្នុងការរាយការណ៍ព័ត៌មាននៃការជួញដូរ, ៤. ការពារអ្នកចូលរួមក្នុងទីផ្សារ និង៥. រៀបចំ និងអនុម័តបទប្បញ្ញត្តិគាំទ្របន្ថែម។ ចក្ខុវិស័យរយៈពេលវែងរបស់យើង គឺដើម្បីស្វាគមន៍វិនិយោគិន ឱ្យចូលរួមក្នុងទីផ្សារឧបករណ៍និស្សន្ទកាន់តែច្រើន រួមទាំងផ្តល់ជាជម្រើសឧបករណ៍សម្រាប់វិនិយោគិន ក្នុងការគ្រប់គ្រងហានិភ័យផងដែរ»។
ថ្លែងនៅក្នុងកម្មវិធីនេះ លោក Philippe Ahoua ទីប្រឹក្សាជាន់ខ្ពស់របស់ IFC បានកោតសរសើរដល់ ន.ម.ក. ចំពោះការប្តេជ្ញាចិត្តក្នុ ងការលើកកម្ពស់ស្ថិរភាពហិរញ្ញវត្ថុ និងការអភិវឌ្ឍនៅកម្ពុជា។
លោកបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ IFC ក្នុងការធ្វើការរួមគ្នាជាមួយ ន.ម.ក. និងតួអង្គផ្សេងទៀត ដើម្បីអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទឱ្យដំណើរការបានល្អ នៅក្នុងប្រទេសកម្ពុជា។
សិក្ខាសាលាខាងលើនេះ មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសនៃ ន.ម.ក., លោក សេង សត្យា អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណីនៃក្រសួងយុត្តិធម៌ និងមន្រ្តីនៃក្រសួងយុត្តិធម៌, តំណាងធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធ សរុបចំនួន ១០០រូប៕