(គូឡាឡាំពួ)៖ រដូវប្រមូលផលផ្លែទុរេនធំ របស់ប្រទេសម៉ាឡេស៊ី បានពន្យារពេលដោយសារអាកាសធាតុមិនអំណោយផល ដែលធ្វើឱ្យមានការព្រួយបារម្ភ ក្នុងចំណោមក្រុមហ៊ុននាំចេញ អំពីការថយចុះគុណភាព និងបរិមាណ ដែលអាចប៉ះពាល់ដល់ការនាំចេញ ទៅកាន់ប្រទេសចិន។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។
កាសែត VN Express បានរាយការណ៍ថា រដូវប្រមូលផលជាធម្មតាចាប់ផ្តើមពីខែឧសភាដល់ខែសីហា ប៉ុន្តែនៅរដ្ឋចូហូរ ផ្លែទុរេនមិនទាន់អាចប្រមូលផលបាននៅឡើយទេ នេះបើតាមឈ្មួញទុរេន Tie Kian Chow ដែលបានប្រាប់កាសែត CNA របសិង្ហបុរី។
លោកបានឱ្យដឹងថា ការប្រែប្រួលគំរូអាកាសធាតុនាពេលថ្មីៗនេះ កំពុងបង្កឱ្យមានការពន្យារពេល។ អាកាសធាតុប្រែប្រួលរវាងក្តៅខ្លាំង និងភ្លៀងធ្លាក់ ធ្វើឱ្យទុរេនពិបាកចេញផ្លែ ជាពិសេសផ្លែទុរេនគុណភាពល្អពូជមូសាងឃីង។
រដ្ឋចូហូរដែលមានផ្ទៃដីដាំទុរេនទំហំ ២០ ២៧៥,៦ហិកតា គឺជារដ្ឋផលិតទុរេនដ៏សំខាន់របស់ប្រទេសម៉ាឡេស៊ី នេះបើយោងតាមគេហទំព័រព័ត៌មាន The Star ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី។
លោក Tie ក៏បានសម្តែងការព្រួយបារម្ភផងដែរថា គុណភាពផ្លែទុរេនអាចនឹងរងផលប៉ះពាល់ និងធ្លាក់ចុះគុណភាពក្រោមស្តង់ដារដ៏តឹងរ៉ឹង ដែលកំណត់ដោយប្រទេសចិន ដែលជាប្រទេសបរិភោគទុរេនធំជាងគេក្នុងពិភពលោក។
ប្រទេសម៉ាឡេស៊ីបាន និងកំពុងធូរស្រាលមកវិញ ពីអាកាសធាតុក្តៅខ្លាំង ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបណ្តាលមកពីរលកកម្ដៅនៅអាស៊ីអាគ្នេយ៍ និងបាតុភូតអ៊ែននីញ៉ូ។
អ្នកប្រឹក្សាផ្នែកធុរេនលោក Lim Chin Kee ដែលក៏ជាម្ចាស់ចម្ការទុរេននៅ Raub រដ្ឋប៉ាហាំងបានប្រាប់កាសែទ CNA ថា គំរូអាកាសធាតុបែបនេះ អាចប៉ះពាល់ដោយផ្ទាល់ដល់ទិន្នផល។ លោកមានប្រសាសន៍ថា៖ «វាអាចទៅរួចដែលថា ទិន្នផលនឹងទាបជាងច្រើននៅឆ្នាំនេះ ដោយសារអាកាសធាតុមិនស៊ីសង្វាក់គ្នា (ជាមួយនឹងគំរូអាកាសធាតុធម្មតា)»។
លោក Tommy Chong អ្នកស្រាវជ្រាវ និងជាកសិករម្នាក់ទៀត នៅក្នុងទីក្រុងគូឡៃ រដ្ឋចូហូរបានឱ្យដឹងថា អាកាសធាតុខ្លាំងក្តៅខ្លាំងអាចបណ្តាលឱ្យមានចុចខ្មៅកាន់តែច្រើននៅលើទុរេន ដែលមិនអាចទទួលយក សម្រាប់ក្រុមហ៊ុនអ្នកនាំចូលរបស់ចិន។
ចុចខ្មៅនេះសំដៅលើគូថផ្លែទុរេន ដែលប្រែទៅជាពណ៌ត្នោត ឬខ្មៅដោយសារការទុំមិនស្មើគ្នា៕