(ភ្នំពេញ)៖ តម្លៃម្រេចដែលកាលពីឆ្នាំមុនបានធ្លាក់ចុះដល់រង្វង់ ១៣០០០រៀលក្នុងមួយគីឡូក្រាម នៅឆ្នាំនេះហក់កើនឡើងដល់ប្រមាណ ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃខ្ពស់មួយគួរឱ្យកត់សម្គាល់។ នេះបើតាមការឱ្យដឹងពីប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា និងកសិករដាំម្រេច។
លោក ម៉ាក នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះថា បើធៀបក្នុងខែឧសភាដូចគ្នាកាលពីឆ្នាំ២០២៣ ម្រេចលក់បានក្នុងរង្វង់ ១៣០០រៀលក្នុងមួយគីឡូក្រាម ចំណែកនៅឆ្នាំ២០២៤ តម្លៃម្រេចបានហក់ឡើងដល់ ១៩ ០០០រៀលដល់ ២០ ០០០រៀល ក្នុងមួយគីឡូក្រាម។
លោកថា ការកើនឡើងនេះ ស្របពេលដែលទិន្នផលម្រេចនៅឆ្នាំបានធ្លាក់ចុះយ៉ាងខ្លាំង ពី៥០% ទៅ៦០% ខណៈកម្ពុជាទទួលបានទីផ្សារថ្មីមួយបន្ថែមទៀត គឺផ្សារចិន ដោយក្រុមហ៊ុន និងកសិកដ្ឋានមួយចំនួន កំពុងសម្រួចចាប់យកទីផ្សារថ្មីនេះផងដែរ។
លោកបានឱ្យដឹងថា បន្ទាប់ពីក្រុមហ៊ុន Sela Pepper នាំចេញម្រេចខ្មៅចំនួន ៣០តោន ទៅកាន់ប្រទេសចិន ជាលើកដំបូងកាលពីខែមេសា បច្ចុប្បន្ននេះមានក្រុមហ៊ុន និងកសិដ្ឋានដាំម្រេចមួយចំនួន មានគម្រោងនាំចេញបន្ថែមទៀត។
លោកបានលើកឡើងថា ចិនជាទីផ្សារធំ ដែលលោករំពឹងថាម្រេចធម្មតាកម្ពុជានឹងអាចនាំចេញទៅចិនបានច្រើន ហើយប្រសិនបើរកទីផ្សារ និងអ្នកបញ្ជាទិញបានច្រើន នោះថ្ងៃមុខម្រេចកម្ពុជា នឹងមិនរំពឹងតែទីផ្សារវៀតណាមមួយនោះទេ ពោលគឺកម្ពុជាអាចរំពឹងនាំចេញទៅទីផ្សារចិន រួមទាំងទីផ្សារដែលមានស្រាប់ដូចជាទីផ្សារអឺរ៉ុប និងអាមេរិកជាដើម។
លោកបានលើកឡើងថា «តម្រូវការខ្ពស់ តែការផ្គត់ផ្គង់ទាប ហេតុនេះធ្វើឱ្យម្រេចឡើងថ្លៃដោយស្វ័យប្រវត្តិ សម្រាប់តម្លៃម្រេចឆ្នាំ២០២៤នេះ វាអាចរង្វង់ ២ម៉ឺនរៀលទៅជាង២ម៉ឺនរៀល បើតាមតែការព្យាករណ៍លើស្ថានភាពបច្ចុប្បន្ន យើងអត់និយាយពីម្រេចកំពតទេ ម្រេច GI តម្លៃវាអត់ប្រែប្រួលទេ តែម្រេចទូទៅ គឺមានការប្រែប្រួលច្រើនគឺឆ្នាំ២០២៣ តម្លៃ ១៣០០០រៀល ហើយឥលូវឡើងដល់ ១៩ ០០០រៀលទៅ ២០ ០០០រៀល នាពេលបច្ចុប្បន្ននេះ តែខ្ញុំរំពឹងថានឹងកើនឡើងទៀត ដោយសារការប្រមូលផលជាក់ស្តែង វាមានការធ្លាក់ចុះខ្លាំង»។
បើទោះបីជាតម្លៃម្រេចឆ្នាំនេះ បានកើនឡើងដល់ ២ម៉ឺនរៀលក្នុងមួយគីឡូក្រាមក៏ដោយ ប៉ុន្តែមិនបានធ្វើឱ្យកសិករសប្បាយចិត្តនោះទេ។ មិនសប្បាយចិត្តដោយសារទិន្នផលឆ្នាំនេះ បានធ្លាក់ចុះស្ទើតែ២ភាគ៣។
លោក ពោង ប៉ែត កសិករដាំម្រេចជាង ៥ហិកតា នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា រាល់ឆ្នាំលោកធ្លាក់តែប្រមូលផលបាន ១០តោន ប៉ុន្តែនៅឆ្នាំនេះអាចប្រមូលផលបានប្រមាណ ៣តោនប៉ុណ្ណោះ ដែលធ្វើឱ្យកសិកររងការខាតបង់ បើទោះបីជាតម្លៃហក់ឡើងក៏ដោយ។ លោកថា សម្រាប់នៅតំបន់ទំរីង ស្រុកសណ្តាន់ ឈ្មួញវៀតណាមបានចុះមកទិញ ឱ្យតម្លៃប្រមាណ ១៩ ៥០០រៀលក្នុងមួយគីឡូក្រាម។
លោកលើកឡើងថា «តម្លៃវាបូកឡើងបន្តិចបន្តួច ប៉ុន្តែយើងនៅតែខាត ដោយសារការចំណាយ គឺនៅដដែល ដូចជាចំណាយទៅលើការស្រោចស្រព ជី និងកម្លាំងពលកម្ម»។
ជាទូទៅ ម្រេចត្រូវបានប្រមូលផល នៅចន្លោះខែមីនា ដល់ខែមីថុនា។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម កាលពីឆ្នាំ២០២៣ កម្ពុជាបាននាំចេញម្រេចជាង ៦ពាន់តោន ធ្លាក់ចុះជិត ២៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២៕