(ភ្នំពេញ)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ស្ថាបនិករមណីយដ្ឋានភូមិរំដួល និងភូមិសុខារាវី បានចែករំលែកពីគន្លឹះ ក្នុងការបើកដំណើររមណីយដ្ឋានមួយ ឱ្យដំណើរការល្អទៅដល់យុវជន ជាពិសេសដែលមានឆន្ទៈខ្ពស់ ក្នុងការចាប់របរនេះ។
លើកឡើងនៅក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «បរិយាកាសនៃការអភិវឌ្ឍជំនួញ បែបរមណីយដ្ឋាននៅកម្ពុជា» របស់បណ្តាញព័ត៌មាន Fresh News លោក អៀង សុធារ៉ា មានប្រសាសន៍ថា យុវជនបើចង់បើករមណីយដ្ឋានផ្ទាល់ខ្លួន គួរធ្វើការកត់ត្រាជាមុនថា នៅក្នុងរមណីយដ្ឋានមួយ មានសប្បាយ ៧ចំណុច គឺទី១. ទីកន្លែងគួរចង់រស់នៅ (អាវាសប្បាយ) ២. មានផ្លូវការធ្វើដំណើរល្អ ធ្វើដំណើរស្រួល (គោចរសប្បាយ) ៣.មានការសន្ទនាផ្លាស់ប្តូរគំនិតល្អៗ (ធម្មស្សវនសប្បាយ) ៤.មានមនុស្សល្អនៅជិត (បុគ្គលសប្បាយ) ៥. មានអាហារសុវត្ថិភាពល្អ (ភោជនសប្បាយ) ៦.មានអាកាសធាតុល្អ (ឧតុសប្បាយ) ៧.មានកន្លែងផ្លាស់ប្តូរឥរិយាបថល្អ (ឥរិយាបថសប្បាយ)។
លោកបន្តថា តើអ្នកដែលចង់ចាប់អាជីពនេះ ចេះបំលែងទឹក ដី ភ្លើង ខ្យល់ ឱ្យទៅជាក្លាយទៅជាទីតាំងកម្សាន្តឆ្លើយតបនឹងចំណុចខាងលើដែរឬទេ? ដូច្នេះហើយបើសិនជាយើងមានតែ ឆន្ទៈ តែពុំចេះនូវចំណុចទាំងនេះច្រើនពេក នឹងធ្វើឱ្យអាជីវកម្មនោះ បរាជ័យ។
លោកជំរុញឱ្យយុវជនប្រសិនបើកមានឆន្ទៈបើករមណីយដ្ឋាន គួរតែរៀនសូត្រឱ្យបានច្រើន មុននឹងទៅបើកដំណើរការរមណីយដ្ឋានមួយ ព្រោះនៅពេលដែលមិនចេះពិតប្រាកដ នឹងធ្វើឱ្យការរកស៊ីនោះជាការរកស៊ីបែបហេងស៊យ មិនមែនជាការរកស៊ីបែបគិតលេខ ដែលជាផ្លូវឈានទៅដល់ការបិទអាជីវកម្ម។
លោកមានប្រសាសន៍បន្តថា «យុវជនយើងចេះច្រើន ប៉ុន្តែចេះទ្រឹស្តី មិនចេះអនុវត្តភាគច្រើន អ៊ីចឹងយើងចេះអនុវត្តមួយទៀតទៅវាចប់រឿងហើយ ទី២. មិនដឹងខ្លួនឯងចេះអីប្រាកដ ហើយមិនចេះអីប្រាកដ ចេះតែគិតថារបស់ចេះក៏ថាចេះ របស់មិនចេះក៏ថាចេះដែរ ដល់អ៊ីចឹងមិនដឹងថា រៀនអី ហើយទៅរៀនច្រើនមុខ។ ប៉ុន្តែគួរតែរៀនអាណាដែលចាំបាច់ សម្រាប់រមណីយដ្ឋាន»៕
សូមស្តាប់ការពន្យបន្ថែមរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ៖