(បាងកក)៖ ប្រទេសថៃ និងប៊ូតាន បានបើកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដោយមានបំណងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ នៅឆ្នាំក្រោយ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Napintorn Srisunpang ត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ថា នាយករដ្ឋមន្ត្រីប៊ូតានលោក Tshering Tobgay បានចុះហត្ថលេខាលើលក្ខខណ្ឌយោង ដើម្បីចាប់ផ្តើមការចរចាអំពី FTA។
លោក Napintorn បានថ្លែងថា ប្រទេសទាំងពីរចាត់ទុក FTA នេះថាជាយន្តការដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី កាត់បន្ថយរបាំងពាណិជ្ជកម្ម និងផ្តល់លទ្ធភាពចូលទៅកាន់ទីផ្សារកាន់តែប្រសើរឡើង ជាពិសេសសម្រាប់ផលិតផលកសិកម្ម ដែលមានបំណងឈានដល់គោលដៅចំនួន ១២០លានដុល្លារនៅឆ្នាំ២០២៥។
ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងជាលំដាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ជាមួយនឹងទំហំពាណិជ្ជកម្មសរុបចំនួន ១៨,៧លានដុល្លារក្នុងឆ្នាំ២០២៣។ សម្រាប់រយៈពេលបីខែដំបូងនៃឆ្នាំ២០២៤ នេះ តម្លៃពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសថៃ និងប៊ូតានមានចំនួន ៣,០៦លានដុល្លារ។
ការនាំចេញរបស់ថៃទៅកាន់ប៊ូតានមានតម្លៃ ៣,០៣លានដុល្លារ ខណៈការនាំចូលមានតម្លៃ ៣០ ០០០ដុល្លារ។ ទំនិញការនាំចេញសំខាន់ៗ រួមមានកុំព្យូទ័រ និងគ្រឿងបន្លាស់កុំព្យូទ័រ វាយនភណ្ឌ ស្រូវសាលី ឧបករណ៍អគ្គិសនី និងអាហារកែច្នៃញ៉ាំបានភ្លាមៗ។ ទំនិញនាំចូលសំខាន់ៗរួមមានគ្រឿងបរិក្ខារអាកាសចរណ៍ និងគ្រឿងផ្សំ ផលិតផលដែកនិងផលិតផលសិល្បៈ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕