(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានរៀបចំមហាសន្និបាតភាគហ៊ុនិក លើកទី១២ ដើម្បីបែងចែកភាគលាភទៅដល់ភាគហ៊ុនិក ដោយអង្គសន្និបាត បានឯកភាពបែងចែកភាគលាភប្រចាំឆ្នាំ២០២៣ ចំនួនជាង ៣០ពាន់លានរៀល (៣០.៤៤០,៦០៦.៧០០រៀល) ឬប្រមាណ ៧.៤លានដុល្លារ ដល់ភាគហ៊ុនិករបស់ខ្លួន ដោយក្នុងមួយហ៊ុនទទួលបានចំនួន ៣៥០រៀល។
មហាសន្និបាតភាគហ៊ុនិក លើកទី១២ បានរៀបចំឡើងនៅទីស្នាក់ការរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដើម្បីរាយការណ៍អំពីលទ្ធផលអាជីវកម្មឆ្នាំ២០២៣ និងទិសដៅអាជីវកម្ម ឆ្នាំ២០២៤ របស់ខ្លួនជូនភាគហ៊ុនបានជ្រាប និងដើម្បីបោះឆ្នោតអនុម័ត លើការបែងចែកភាគលាភជូនភាគហ៊ុនិក និងការអនុម័តលើលាភការរបស់ក្រុមប្រឹក្សាភិបាល។
លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងថា ឆ្លងតាមសម័យប្រជុំលើកទី៨ អាណត្តិទី៨ កាលពីថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២៤ កន្លងទៅ ក្រុមប្រឹក្សាភិបាលបានឯកភាពជាឯកច្ឆន្ទ រក្សាទុកប្រាក់ចំណេញ ចំនួនប្រមាណជាង១០៩ ពាន់លានរៀល ឬប្រមាណជាង២៦ដុល្លារ និងភាគលាភដែលត្រូវបែងចែកដល់ភាគហ៊ុនិក មានចំនួន៣០ពាន់លានរៀល។ ក្នុងចំណោមទឹកជាង ៣០ពាន់លានរៀលនេះ ក្នុងនោះទឹកប្រាក់ចំនួនជាង៤ពាន់លានរៀល (៤.៥៦៦.០៩១.២៥០រៀល) ប្រមាណជាង១លានដុល្លារ ជាភាគលាភត្រូវបែងចែកជូនភាគហ៊ុនិកឯកជន និងទឹកប្រាក់ចំនួនជាង២៥ពាន់លានរៀល (២៥,៨៧៤.៥១៥.៤៥០រៀល) ឬប្រមាណជាង៦លានដុល្លារ ជាភាគលាភរបស់រដ្ឋ ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវបានលើកលែងតាមរយៈលិខិតលេខ៦៥៨១ សហវ.អសប ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១។
លោកបានឱ្យដឹងថា ទឹកប្រាក់នេះនឹងត្រូវចែកជូនភាគហ៊ុនិក ចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដល់ ថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២៤។
លោកមានប្រសាសន៍ថា «យើងឃើញថាភាគលាភនេះមានការកើនឡើង២០រៀល ក្នុងមួយភាគហ៊ុន បើធៀបនឹង២០២២ ដែលមាន៣៣០រៀលក្នុងមួយភាគហ៊ុន និងកើនឡើងប្រមាណ១.៥ដង បើធៀបនឹងឆ្នាំ២០១៩ ដែលមាន២៣០រៀលក្នុងមួយភាគហ៊ុន។ កំណើនភាគលាភនេះ ឆ្លុះបញ្ចាំងពីចីរភាពប្រាក់ចំណេញរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញពីមួយឆ្នាំទៅមួយឆ្នាំ។
សូមជម្រាបផងដែរថា នៅក្នុងឆ្នាំ២០២៣ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួន៧ របស់រដ្ឋាករទឹក ផលិតទឹកស្អាតបានចំនួនជាង២៧៩លានម៉ែត្រគូប ក្នុងនោះបានពង្រីកបណ្តាញចែកចាយថ្មីបន្ថែម ប្រវែង ៤៦៣ គីឡូម៉ែត្រ, បង្កើនចំនួន អតិថិជនថ្មី ចំនួនជាង ៣០ពាន់បណ្តាញ ដោយក្នុងនោះមានអតិថិជនដែលមានចំណូលទាបជាង ៣ ៧០០ បណ្តាញ និងបានរក្សាអត្រាទឹកបាត់បង់ត្រឹមកម្រិតជាង ៨ភាគរយ។
ជាមួយគ្នានេះ នៅក្នុងឆ្នាំ២០២៣ កន្លងមកនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រមូលចំណូល សរុបបានចំនួនជាង ៣៩២ពាន់លានរៀល(៣៩២ ០៥៤ ៣៦៥ ០០០) ឬប្រមាណជាង ៩៦លានដុល្លារ ក្នុងនោះចំណេញក្រោយពីបង់ពន្ធមានចំនួនជាង ១២៦ពាន់លានរៀល(១២៦ ៦០៩ ៥៨២ ០០០) ឬប្រមាណជាង ៣១លានដុល្លារ។
អង្គមហាសន្និបាតបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ចយ៉ាងសកម្មរបស់បុគ្គលិក និយោជិត កម្មករ នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានចូលរួមបង្កើតស្នាដៃ និងសមិទ្ធផលថ្មីៗធំធេងជាច្រើន ក្នុងការទ្រទ្រង់និងជំរុញសកម្មភាពការងារ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឆ្លើយតបទៅនឹងសំណូមពរនៃការផលិត និងផ្គត់ផ្គង់ទឹកស្អាត ជូនដល់ប្រជាពលរដ្ឋ និងតម្រូវការផ្នែកអាជីវកម្ម សេវាកម្ម រួមទាំងជីវភាពសង្គមនានាក្នុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្តាល៕